ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ការនាំចេញអង្ករទៅទីផ្សារចិន រំពឹងកើនឡើងខ្ពស់ជាងឆ្នាំមុន
ភ្នំពេញ៖ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីម្សិលមិញ បានជួបជាមួយនឹងតំណាងក្រុមហ៊ុនសាជីវកម្មរដ្ឋចិន COFCO ដើម្បីពិភាក្សាពីលទ្ធភាពនៃការនាំចេញអង្ករ ដោយរំពឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០១៩ មានការកើនឡើង។ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិសម្រេចបាន ៣០៨ ០១៣តោន កើនឡើង ៣,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន ២៩៧ ០៨០តោន ក្នុងនោះចិនគឺជាទីផ្សារនាំមុខគេ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ ២០១៩
កម្ពុជា-ម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគ
ភ្នំពេញ៖ កាលពីម្សិលមិញ កម្ពុជា និងម៉ាឡេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតស៊ីគ្នា (DTA) និងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា នៅឆ្នាំ២០១៨ ពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ីមានតម្លៃជាង៥១៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញ ជាង ១២៩លានដុល្លារ ចំណែកឯការនាំចូលជាង ៣៨៥លានដុល្លារ។ រយៈពេល៦ខែ ឆ្នាំ២០១៩ ការនាំចេញពីកម្ពុជាមានតម្លៃ ៦០,៦៤លានដុល្លារ ខណៈការនាំចូលមានរហូត ២៥៥លានដុល្លារ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ ២០១៩
ក្រុមហ៊ុនជប៉ុនចាប់ផ្តើមសិក្សាគម្រោងរុករករ៉ែទង់ដែងនៅស្ទឹងត្រែង
ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន Nittesu Mining Cambodia., Ltd ដែលទទួលបានអជ្ញាប័ណ្ណរុករករ៉ែទង់ដែងនៅខេត្តស្ទឹងត្រែង នឹងចាប់ផ្តើមការរុករកនៅដើមឆ្នាំ២០២០ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ ២០១៩
កម្ពុជានាំចេញកៅស៊ូបានជាង$១៦៩លានក្នុងរយៈពេល៧ខែ
ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា តម្លៃនៃការនាំចេញកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានជាង ១៦៩លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩ ខណៈតម្លៃបន្តធ្លាក់ចុះ។ ទិន្នន័យបង្ហាញថា តម្លៃកៅស៊ូមធ្យមក្នុងរយៈពេល ៧ខែកន្លងមកនេះ គឺ ១ ៣៤២ដុល្លារក្នុងមួយតោន ដោយធ្លាក់ចុះប្រហែ ៥% ធៀបនឹងឆ្នាំ២០១៨។ ទោះបីយ៉ាងនេះក្តី របាយការណ៍បានបង្ហាញថា បរិមាណកៅស៊ូ ដែលបាននាំចេញក្នុងរយៈពេលនេះកើនឡើង ២៥% ដល់ ១២៥ ៩៥៥ តោន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ ២០១៩
ចំណូលពីអង្គរ ៨ខែ ទទួលបានជិត$៧០លាន ធ្លាក់ចុះ១១ភាគរយ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ប្រាក់ចំណូលពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ៨ខែ មានជាង៦៩,៤លានដុល្លារ ធ្លាក់ចុះ ១១,៨២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកភ្ញៀវទេសចរមានចំនួន ១,៥ លាននាក់ ធ្លាក់ចុះ ១១,០៥%។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ ២០១៩