ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
គ្រឹះស្ថានអង្គរនឹងបង្ហាញតួលេខលក់សំបុត្រភ្លាមៗ

ភ្នំពេញ៖ គ្រឹះស្ថានអង្គរបានធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្ររបស់ខ្លួនឱ្យកាន់តែទំនើបស្របតាមស្តង់ដារអន្តរជាតិ ដោយនឹងបង្ហាញតួលេខសំបុត្រចូលទស្សនាភ្លាមៗនៅលើគេហទំព័រ​ថ្មីដែលបានដំណើរការជាមួយនឹង ៥ ភាសា ជាអ្វីដែលស្ថាប័ននេះលើកឡើងថា ធ្វើឡើងក្នុងគោលបំណងធានាតម្លាភាព និងគណនេយ្យភាព។ នៅឆ្នាំ២០១៨ ឧទ្យានអង្គរបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ២,៦លាននាក់ រកប្រាក់ចំណូលបាន ១១៦,៤លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ ២០១៩


ចំនួនអ្នកធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះទាំង៣ កើនលើស ១០លាននាក់

ភ្នំពេញ៖ ចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិសៀមរាប និងព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមានចំនួនសរុប ១០,៥លាននាក់នៅចាប់ពីខែមករា និងខែធ្នូ ឆ្នាំមុន។ ចំនួននេះបង្ហាញពីកំណើន ២០ភាគរយធៀបនឹងឆ្នាំ២០១៧។ លោក ខែក នរិន្ទដា នាយកផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន Cambodia Airports បានឱ្យដឹងកាលពីថ្ងៃចន្ទថា អត្រាកំណើនលើសពី ២០ភាគរយប្រចាំឆ្នាំ គឺជាល្បឿនដ៏ពេញចិត្តមួយដែលឆ្លុះបញ្ចាំងពីបណ្តាញកាន់តែរឹងមាំរបស់កម្ពុជា ជាមួយព្រលានអន្តរជាតិជាច្រើន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ ២០១៩


ការនាំចេញអង្កររបស់កម្ពុជានៅតែបន្តធ្លាក់ចុះ

ភ្នំពេញ៖ តួលេខបានពីក្រសួងកសិកម្មបង្ហាញថា កម្ពុជាបាននាំចេញអង្ករ ៦២៦ ២២៥តោន កាលពីឆ្នាំ២០១៨ ធ្លាក់ចុះ ១,៥ភាគរយ ពី ៦៣៥ ៦៧៩តោន ធៀបនឹងឆ្នាំ២០១៧។ បើតាមអ្នកនៅក្នុងវិស័យនេះបញ្ជាក់ថា បញ្ហាប្រឈមនៅតែ​មាននៅក្នុងឧស្សាហកម្មស្រូវអង្ករដូចជា តម្លៃការផលិតខ្ពស់ ដែលរារាំងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ និងការបារម្ភពីពីវិធានការការពាររបស់សហភាពអឺរ៉ុបលើការយកពន្ធអង្ករពីកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ ២០១៩


ទុនវិនិយោគផ្នែកសំណង់លំនៅឋានក្នុងឆ្នាំ២០១៨ ថយចុះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ក្នុងឆ្នាំ២០១៨ មានគម្រោងសាងសង់លំនៅឋានចំនួន ២ ៤២០គម្រោង មានផ្ទៃក្រឡាសរុបជាង ៤,៦លានម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ១ ៨៣៥លានដុល្លារ បើធៀបនឹងឆ្នាំ២០១៧  មានចំនួន ២ ២៩១គម្រោង មានផ្ទៃក្រលាជាង ៥,៥ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ២ ២៣០លានដុល្លារ ពោលគឺថយចុះ​ប្រមាណ ១៧,៧១%។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃសៅរ៍-អាទិត្យ ទី១២-១៣ ខែមករា ឆ្នាំ ២០១៩


ការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកើនជិត ៧០%

ភ្នំពេញ៖ បច្ចុប្បន្ននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានក្រុមហ៊ុនចំនួន ១៦១ បានចុះបញ្ជីវិនិយោគដែលមានដើមទុនសរុប ចំនួន ៩១៨លានដុល្លារអាមេរិក និងបានស្រូបយកកម្លាំងពលកម្មចំនួន ២២ ៤៩៥នាក់ ក្នុងមុខសញ្ញាផលិតកម្មនានាដូចជា គ្រឿងអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី សំបករថយន្ត គ្រឿងបន្លាស់រថយន្ត ស៊ីម ទូរទស្សន៍ សម្ភារ​បរិក្ខារបន្ទប់ទឹក ផលិតផលក្តារប៉ាកេ និងក្តារបន្ទះ សម្ភារការិយាល័យ វត្ថុអនុស្សាវរីយ៍ សម្ភារបរិក្ខាកីឡា សម្លៀកបំពាក់ ស្បែកជើង កាបូប និងវ៉ាលី និងសម្ភារប្រើប្រាស់ក្នុងផ្ទះជាដើម។ គិតត្រឹមឆ្នាំ២០១៨ ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទឹក​ប្រាក់ប្រមាណ ៣៧២លានដុល្លារអាមេរិក ពោលគឺកើនឡើងប្រមាណ ៦៨ភាគរយ បើធៀបនឹងការនាំចេញក្នុងឆ្នាំ២០១៧។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃសៅរ៍-អាទិត្យ ទី១២-១៣ ខែមករា ឆ្នាំ ២០១៩


  • ក្រុមហ៊ុន JIANGSU គ្រោងដាំកប្បាសសាកល្បងលើកទី២
  • PAL គ្រោងហោះហើរត្រង់មកកម្ពុជា
  • តម្លៃស្រូវបង្ហាញពីភាពល្អប្រសើរនៅរដូវ ២០១៨-១៩
  • ឆ្នាំ២០១៨ ទិន្នផលម្រេចកំពត និងតម្រូវការទីផ្សារធ្លាក់ចុះ
  • ការនាំចូលថាមពលអគ្គិសនីរបស់កម្ពុជាថយចុះ
  • សេដ្ឋកិច្ចកម្ពុជារីកចម្រើនឈរនៅលំដាប់ទី៦ លើពិភពលោក
  • កម្ពុជានឹងមានទីលានប្រណាំងរថយន្តលំដាប់ពិភពលោក
  • AIR CHINA ហោះមកដល់កម្ពុជាតាមផែនការគ្រោងទុក
  • ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញរបស់ EU
  • តំបន់ទេសចរណ៍សំខាន់ៗទាក់ទាញភ្ញៀវកន្លះលាននាក់