ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុន រយ:ពេល៧ខែ ធ្លាក់ចុះជិត ៦ភាគរយ
ភ្នំពេញ៖ ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) បានបង្ហាញថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងជប៉ុនក្នុងរយ:ពេល ៧ខែដើមឆ្នាំ២០២០ នេះមានតម្លៃសរុបជាង ១,១៧ពាន់លានដុល្លារ ធ្លាក់ចុះជិត ៦ភាគរយបើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០១៩។ លោក ហុង វណ្ណ: អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថាហេតុផលចម្បងដែលធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីធ្លាក់ចុះ គឺដោយសារជំងឺកូវីដ១៩ ខណ:សេដ្ឋកិច្ចប្រទេសជប៉ុនទាំងមូលក៏កំពុងធ្លាក់ចុះដែរ ការធ្លាក់ចុះទំហំពាណិជ្ជកម្មលក្ខណ:ទ្វេភាគីរបស់ជប៉ុន គឺកើតមានស្ទើរគ្រប់ដៃគូពាណិជ្ជកម្មទាំងអស់។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០
កម្ពុជារំពឹងថា នឹងមានផលិតផលអាហារបន្ថែមទៀតនាំទៅកូរ៉េ
ភ្នំពេញ៖ កម្ពុជារំពឹងថា នឹងមានផលិតផលកសិកម្មរបស់ខ្លួនបន្ថែមទៀតត្រូវបាននាំទៅទីផ្សារប្រទេសកូរ៉េខាងត្បូងនាពេលខាងមុខ បន្ទាប់ពីតំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា(CFMA) បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Hyundai Agro(Cambodia) Co., Ltd ដើម្បីពិភាក្សាពីឱកាសនាំចេញផលិតផលមួយចំនួនទៅប្រទេសកូរ៉េ។ មានផលិតផលមួយចំនួនត្រូវបានលើកយកមកពិភាក្សាក្នុងពេលនោះមានដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ ម្រេច កាហ្វេ ផលិតផលពីទឹកមាត់ត្រចៀកកាំ និង ស្វាយចន្ទី ជាដើម។ ទន្ទឹមនឹងការខំស្វែងរកឱកាសពង្រីកទីផ្សារផលិតផលកម្ពុជាទៅប្រទេសកូរ៉េនោះ ក្រុមហ៊ុនវិនិយោគ និងប្រជាកសិករដាំដុះក៏ត្រូវគិតគូរឲ្យបានខ្លាំងផងដែរទៅលើពូជ និងគុណភាពផលិតផលរបស់ខ្លួនឲ្យស្របតាមការចង់បានរបស់ប្រទេសអ្នកបញ្ជាទិញ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០
ការនាំចេញអង្កររបស់កម្ពុជា បន្តកើនជាង៣០%
ភ្នំពេញ៖ របាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានកសិកម្ម ដែលផ្ញើជូនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣១ ខែសីហាបង្ហាញថា ក្នុងរយ:ពេល ៨ខែដំបូងឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៤៤៨ ២០៣តោន កើនឡើង ៣១,០៤ភាគរយធៀបទៅនឹងរយ:ពេលដូចគ្នាឆ្នាំ២០១៩ ដែលមានចំនួន ៣៤២,០៤៥តោន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធទី០២ ខែកញ្ញា ឆ្នាំ២០២០
កម្ពុជា កំពុងចរចាលើ FTA ជុំទី២ ជាមួយកូរ៉េខាងត្បូង
ភ្នំពេញ៖ កម្ពុជា-កូរ៉េខាងត្បូង កំពុងធ្វើការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA) ជាមួយគ្នាក្នុងជុំទី២ ខណ:ការចរចារជុំទី១ បានបញ្ចប់ទៅកាលពីខែកក្កដា។ នេះជាការធ្វើពិពិធកម្មផលិតផលនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េ។ ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណ:រដ្ឋមន្ត្រី កាលពីខែកក្កដា លោក សុខ សុភ័ក្រ រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្មបានបន្តថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជម្មសេរីជាមួយចិន និងកូរ៉េ រដ្ឋាភិបាលកម្ពុជាក៏កំពុងសម្លឹងមើល ពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសឥណ្ឌា អូស្រ្តាលី អាមេរិក កាណាដា ចក្រភពអង់គ្លេស នូវែលសេឡង់ និងជប៉ុន។
ប្រភពៈ ព័ត៌មានរបស់ កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០
កូរ៉េចាប់អារម្មណ៍ការវិនិយោគលើរោងចក្រផលិតចំណីសត្វ និងជី
ភ្នំពេញ៖ ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយបានចាប់អារម្មណ៍ចំពោះការវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ និងផលិតជីកសិកម្មនៅកម្ពុជា ខណ:ការវិនិយោគនៅក្នុងស្រុកលើវិស័យនេះនៅមានកម្រិតតិចតួចដែលទាមទារឲ្យមានការវិនិយោគបន្ថែម។ ទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងបរិមាណជាង១,២លានតោនកាលពីឆ្នាំ២០១៩កើនប្រមាណជាង ៩ភាគរយបើធៀបទៅនឹងឆ្នាំ២០១៨ ដែលមានចំនួនជាង១,១លានតោន។
ប្រភពៈ ព័ត៌មានរបស់រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០