ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
វិស័យឯកជនរំពឹងលើភាពជាដៃគូរវាង NBC និង IFC ជំរុញហិរញ្ញប្បទានដល់ SME
ភ្នំពេញ៖ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លោក តែ តាំងប៉ បានឱ្យដឹងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងធនាគារជាតិនៃកម្ពុជា (NBC) និងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានអន្តរជាតិ (IFC) ដើម្បីអនុវត្តគម្រោង «អភិវឌ្ឍន៍ទីផ្សារហិរញ្ញប្បទានចង្វាក់ផ្គត់ផ្គង់កម្ពុជា» នឹងរួមចំណែកក្នុងការជួយវិស័យ SME របស់កម្ពុជាឱ្យមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ការពង្រីកអាជីវកម្មរបស់ពួកគេ។ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ កន្លងមក លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាបានចូលរួមចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិក្នុងការអនុវត្តគម្រោងស្តីពី «ការអភិវឌ្ឍទីផ្សារខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ» ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍ វិស័យឯកជន។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៦ ខែកុម្ភ: ឆ្នាំ២០២១
ក្រសួង ២ ណែនាំម្ចាស់រោងចក្រត្រូវចុះបញ្ជីនៅគម្រោង BFC
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម បានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងកាបូបត្រូវមកចុះបញ្ជីជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់លក្ខខណ្ឌការងារសម្រាប់ការនាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។ គម្រោង BFC ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០១ ក្នុងភាពជាដៃគូតែមួយគត់រវាងអង្គការអន្តរជាតិខាងការងារ (ILO) នៃអង្គការសហប្រជាជាតិ (UN) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិករបស់ធនាគារពិភពលោក (WB)។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២៤ ខែកុម្ភ: ឆ្នាំ២០២១
កម្ពុជានឹងមានរោងចក្រផលិតសម្បកកង់យានយន្ត ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស
ភ្នំពេញ៖ លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ស្វាគមន៍ការបង្កើតរោងចក្រកែច្នៃសម្បកកង់យានយន្ត ដែលវិនិយោគដោយក្រុមហ៊ុន Cart Tire Co.,Ltd នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលជាការរួមចំណែករក្សាលំនឹងទីផ្សារថ្លៃនៃជរ័កៅស៊ូកម្ពុជា និងកាត់បន្ថយការនាំចូលសម្បកកង់យានយន្តពីបរទេស។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីសប្តាហ៍មុនបានយល់ព្រមឱ្យក្រុមហ៊ុន Cart Tire Co.,Ltd វិនិយោគទឹកប្រាក់ ១៥ លានដុល្លារ ក្នុងការបង្កើតរោងចក្រកែច្នៃសម្បកកង់យានយន្ត ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូបាវិតក្នុងខេត្តស្វាយរៀង។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៣ ខែកុម្ភ: ឆ្នាំ២០២១
កម្ពុជានៅតែបន្ត រក្សាកំណើននៃការនាំចេញទៅកាន់ទីផ្សារចិនឆ្នាំមុន
ភ្នំពេញ៖ ការនាំចេញសរុបរបស់កម្ពុជាទៅប្រទេសចិន បានកើនឡើងតិចតួចកាលពីឆ្នាំ ២០២០ ទោះបីជាមានការរំខានដល់ខ្សែចង្វាក់ផលិត និងផ្គត់ផ្គង់ដែលរងផលប៉ះពាល់ដោយការរីករាលដាលជំងឺកូវីដ ១៩ក៏ដោយ។ យោងតាមតួលេខចុងក្រោយបានពីក្រសួងពាណិជ្ជកម្ម ការនាំចេញសរុបរបស់កម្ពុជាទៅប្រទេសចិន បានកើនឡើងជាង ៨ ភាគរយ សម្រេចបាន ១,០៨៦ ពាន់លានដុល្លារកាលពីឆ្នាំ ២០២០ បើធៀបនឹង ១,០០៤ ពាន់លានដុល្លារ។ ទោះយ៉ាងណា ការនាំចូលសរុបពីប្រទេសចិន បានធ្លាក់ចុះតិចតួចប្រហែល ១០ ភាគរយ មានតម្លៃជាង ៧ ពាន់លានដុល្លារ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៣ ខែកុម្ភ: ឆ្នាំ២០២១
ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យប្រតិបត្តិករហិរញ្ញវត្ថុឯកជនផ្អាកបែងចែកភាគលាភ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ដែលកំពុងប្រតិបត្តិការក្នុងវិស័យនេះឱ្យផ្អាកការបែងចែកភាគលាភចំពោះប្រាក់ចំណេញឆ្នាំ ២០២០ ដល់ភាគទុនិករបស់ពួកគេ ដែលជាវិធានការមួយរួមចំណែករក្សាកំណើនរបស់វិស័យនេះ។ សេចក្ដីប្រកាសរបស់ NBC កាលពីថ្ងៃសុក្រឱ្យដឹងថា ចាប់តាំងពីអំឡុងពេលផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ រហូតដល់បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីបន្ធូរបន្ថយលើការអនុវត្តតាមបទប្បញ្ញត្តិរបស់គ្រឹះស្ថានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយវិស័យធនាគារនៅតែមានភាពរឹងមាំ និងបន្តមានប្រាក់ចំណេញក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែកុម្ភ: ឆ្នាំ២០២១