ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការរីកចម្រើនវិស័យអាកាសចរណ៏នៅកម្ពុជាបានជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ការរីកចម្រើនវិស័យអាកាសចរណ៍កម្ពុជាបច្ចុប្បន្នត្រូវបានអ្នកជំនាញក្នុងវិស័យមួយនេះមើលឃើញថា បាននឹងកំពុងដើរតួនាទីសំខាន់ក្នុងសង្គម ​និងសេដ្ឋកិច្ចជាតិ មានឥទ្ធិ​ពលជាវិជ្ជមានដោយផ្ទាល់​​ និងដោយប្រយោល។ វិស័យនេះ​ គឺជាចលករដ៏សំខាន់មួយក្នុងចំណោមចលករសំខាន់ៗ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងនោះមានដូចជា ការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលមានចំនួនជាង ១,៨ លានការងារ ការគាំទ្រ និងជម្រុញដល់វិស័យទេសចរណ៍​ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ និងធុរកិច្ចក្នុងស្រុកជាដើម។ ជាក់ស្តែង ក្រុមហ៊ុន Cambodia Airports បានចេញប្រកាសកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ អះអាងថា អាកាសយានដ្ឋានអន្តរជាតិចំនួន៣ របស់ប្រទេសកម្ពុជាបានទទួលអ្នកដំណើរដល់ទៅ ១០ លាននាក់ ដែលជាតួលេខដំបូងក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួន។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ ២០១៩


រាជរដ្ឋាភិបាលកម្ពុជា ត្រៀមសាង់រោងចក្រផលិតទឹកស្អាត តម្លៃ ៣៥០លានដុល្លារ ផ្គត់ផ្គង់ទឹក ៤០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ នៅចុងឆ្នាំនេះ

ភ្នំពេញ៖ ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាជនកាន់តែច្រើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀតនៅចុងឆ្នាំ២០១៩ នៅសង្កាត់បាក់ខែ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា រោងចក្រថ្មីនេះ មានសមត្ថភាពផលិតរហូតដល់ ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ចែកចេញជាពីរជំហ៊ាន ដែលជំហ៊ានទី១ ផលិតទឹកស្អាតបានជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ទុនវិនិយោគទាំងបំពង់មេនាំទឹកប្រមាណ ២៣០លានដុល្លារ និងជំហ៊ានទី២ ទុនវិនិយោគ ១២០លានដល្លារ។ រោងចក្រផលិតទឹកនេះនឹងត្រូវប្រើប្រាស់រយៈពេលសាងសង់ ៣ឆ្នាំ ៩ខែ ដែលអាចនឹងដំណើរការផលិតទឹកនៅឆ្នាំ២០២២។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រ Fresh News ចេញផ្សាយថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ ២០១៩


វិនិយោគកូរ៉េស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្រោមកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់ប្រទេសកូរ៉េ មជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េនៅភ្នំពេញ (Kotra) បានរៀបចំជំនួបពាណិជ្ជកម្មរវាងវិនិយោគិនកូរ៉េជាមួយនឹងវិនិយោគិនកម្ពុជា កាលពីថ្ងៃទី១៥ ខែមីនា​ ដែលមានការចូលរួមពីវិនិយោគិនមកពីប្រទេសកូរ៉េចំនួន ២៣ក្រុមហ៊ុន វិនិយោគិនខ្មែរប្រមាណ ៨០ក្រុមហ៊ុន ដែលពួកគេអាចមានឱកាសបានសិក្សាស្វែងយល់ពីគ្នាដើម្បី​ឈានទៅចាប់ដៃគូវិនិយោគជាមួយគ្នា។ ក្រុមហ៊ុនកូរ៉េដេលបានចូលរួមក្នុងជំនួបនេះមានដូចជា វិស័យសំណង់ ថ្នាំពេទ្យ សម្អាងការ គ្រឿងចក្រ ម្ហូបអាហារ និងភេសជ្ជៈជាដើម។ បច្ចុប្បន្ន ទំនិញដែលកម្ពុជានាំទៅប្រទេសកូរ៉េខាងត្បូងមានដូចជា សម្លៀកបំពាក់ គ្រឿងផ្គុំអេឡិចត្រូនិក ស្បែកជើង កាបូប កៅស៊ូ និងឱសថ ចំណែកទំនិញដែលកម្ពុជានាំចូលពីប្រទេសកូរ៉េ ភាគច្រើនជាក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ និងផលិតផលប្លាស្ទិក។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ឆ្នាំ២០១៨ មានតម្លៃ ៩៧៥លានដុល្លារ កើនឡើង ១១% បើធៀបនឹងឆ្នាំ២០១៧។ ទិន្នន័យរបស់ Korea Eximbank បានឱ្យដឹងថា ក្នុងចំណោមការវិនិយោគធំៗរបស់កូរ៉េខាងត្បូងនៅកម្ពុជា រួមមានវិស័យអចលនទ្រព្យ ២៩% ធនាគារ និងហិរញ្ញវត្ថុ ២១% សំណង់ ១៨% រោងចក្រ ១៥% និងកសិកម្ម ៤%។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ ២០១៩


KOICA បង្កើតមណ្ឌលបណ្តុះបណ្តាលនៅកម្ពុជា

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងអប់រំកម្ពុជា កាលពីម្សិលមិញបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភ្សា ដើម្បីបើកដំណើរការជាផ្លូវការគម្រោងបង្កើតប្រព័ន្ធបណ្តុះបណ្តាលធុរកិច្ចរវាងសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្មនៅកម្ពុជា។ គម្រោងនេះត្រូវបា​ន​បង្កើតឡើងដើម្បីបង្កើតការចាប់ផ្តើមប្រព័ន្ធអេកូ និងបណ្តាញទីផ្សារនៅកម្ពុជា តាមរយៈការអភិវឌ្ឍប្រព័ន្ធមួយក្នុងការជំរុញការបង្កើតក្រុមហ៊ុនថ្មី នៅតាមបណ្តាសាកលវិទ្យាល័យ​នានាដែលឈានមុខគេនៅកម្ពុជា ដែល KOICA គ្រោងនឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មីកម្ពុជា-កូរ៉េ (CKIC) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាមួយនឹងថវិកាសរុបប្រមាណ ៧លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ ២០១៩


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការជំរុញពាណិជ្ជកម្មនៃការនាំចេញ-ចូលផលិតផលរវាងកម្ពុជា-ជប៉ុន ជាចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការជំរុញពាណិជ្ជកម្មការនាំចេញ-នាំចូល រវាងកម្ពុជា-ជប៉ុន ជាចំណែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍របស់ប្រទេសកម្ពុជា។ តម្លៃនៃការនាំចេញទំនិញពីជប៉ុន​មកកម្ពុជាមានទឹកប្រាក់ ៣៥៨,០៧៤ពាន់លានដុល្លារ ចំណែកទំនិញកម្ពុជានាំទៅជប៉ុនវិញមានទឹកប្រាក់ ១,២៦២,៨៩៨ពាន់ដុល្លារក្នុងឆ្នាំ២០១៧។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រ Fresh News ចេញផ្សាយថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ ២០១៩


  • ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង កើនឡើងជាលំដាប់ នៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ
  • ខេត្តចំនួន ៤ ទទួលបានសិទ្ធិអំណាចសម្រាប់ចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ
  • ពលករខ្មែរនៅបរទេសមានជាង ១,២លាននាក់ និងនាំចំណូលមកស្រុកជាង ២,៣ប៊ីលានដុល្លារក្នុងមួយឆ្នាំ
  • ផលិតផលឧស្សាហកម្មកម្ពុជាមានទំហំទឹកប្រាក់ជាង ១៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៨
  • ធនាគារ SMES របស់រាជរដ្ឋាភិបាលនឹងជួយ SMES ដែលគ្មានលទ្ធភាពខ្ចីលុយពីធនាគារមានឱកាសទទួលឥណទានមានការប្រាក់ទាប
  • ការនាំចូលសម្ភារសំណង់កើនខ្លាំងណាស់
  • អាកាសចរណ៍ហ្វីលីពីន សម្ពោធបើកជើងហោះហើរត្រង់មកកម្ពុជា
  • CDC សម្រេចឱ្យក្រុមហ៊ុន២ ដែលមានទុនជិត ៩លានដុល្លារ វិនិយោគលើផលិតផលកាបូប
  • បុណ្យទន្លេកំពង់ឆ្នាំងនឹងទាក់ទាញទេសចរ ៥០ម៉ឺននាក់
  • កម្ពុជាចំណាយជាង $៤០០លានទៅលើឧបករណ៍អេឡិចត្រូនិក