ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ធនាគារកណ្តាលជប៉ុនដំឡើងការព្យាករអំពីកំណើនសេដ្ឋកិច្ចរបស់ជប៉ុន
ក្រុងតូក្យូ៖ ធនាគារកណ្តាលជប៉ុនបានឱ្យដឹងបន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេល ២ថ្ងៃថា ខ្លួនរំពឹងថាសេដ្ឋកិច្ចជប៉ុននឹងកើនឡើង ០,៩ភាគរយ នៅក្នុងឆ្នាំដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២១ ដែលអត្រានេះត្រូវបានដំឡើងពីការព្យាករលើកមុន ដែលថាមានកំណើន ០,៧ភាគរយ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២០
កំណើនសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ និងប្រទេសផ្សេងៗ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចរបស់ពិភពលោករំពឹងថានឹងកើនឡើង ៣,៣ភាគរយ នៅឆ្នាំ២០២០នេះ ខណៈដែលសេដ្ឋកិច្ចរបស់ក្រុមប្រទេសអភិវឌ្ឍន៍រំពឹងថានឹងកើនឡើង ១,៦ភាគរយ តំបន់ប្រើប្រាស់ប្រាក់អឺរ៉ូព្យាករថានឹងកើនឡើង ១,៣ភាគរយ ក្រុមប្រទេសនៅទ្វីបអាស៊ីដែលកំពុងស្ទុះងើបខ្លាំងនិងកំពុងអភិវឌ្ឍន៍អាចនឹងកើនឡើង ៥,៨ភាគរយ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២០
កំណើនទេសចរណ៍ពិភពលោកថមថយនៅឆ្នាំ២០១៩
ក្រុងម៉ាឌ្រីដ៖ យោងតាមទីភ្នាក់ងារទេសចរណ៍របស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបានឱ្យដឹងថា ទេសចរណ៍ពិភពលោកបានធ្លាក់ចុះនៅឆ្នាំ២០១៩ ដោយសារការថមថយសេដ្ឋកិច្ចពិភពលោក ជាពិសេសនៅទ្វីបអឺរ៉ុប និងអាស៊ី ជាទីដែលកើតមានភាពមិនប្រាកដប្រជាទាក់ទងទៅនឹង Brexit ហើយបាតុកម្មក្នុងទីក្រុងហុងកុងក៏បានដាក់បន្ទុកដល់វិស័យទេសចរណ៍ផងដែរ។ អង្គការទេសចរណ៍ពិភពលោក (UNWTO) ដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិបានកើនឡើង ៤ភាគរយ កាលពីឆ្នាំមុនដល់ ១,៥ពាន់លាននាក់ ដែលជាអត្រាទាបបំផុតរបស់ខ្លួនគិតចាប់ពីឆ្នាំ២០១៦ មក។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២០
សេដ្ឋកិច្ចរបស់ចិនមានកំណើនទាបបំផុត
ក្រុងប៉េកាំង៖ យោងតាមការស្ទង់មតិសេដ្ឋវិទូដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន AFP សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងអត្រាទាបបំផុតរបស់ខ្លួនក្នុងរយៈពេល ៣ ទសវត្សរ៍កាលពីឆ្នាំ២០១៩ បន្ទាប់ពីរយៈពេល ១ឆ្នាំ ដែលបានជួបប្រទះនូវការធ្លាក់ចុះតម្រូវការក្នុងស្រុក និងញាំញីទៅដោយសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក។ ការស្ទង់មតិរបស់អ្នកវិភាគក្នុងស្ថាប័នចំនួន ១៤ ព្យាករថាប្រទេសមានសេដ្ឋកិច្ចឈានមុខគេទី ២ របស់ពិភពលោកនេះនឹងសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ៦,១ ភាគរយ សម្រាប់រយៈពេលមួយឆ្នាំ ២០១៩។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ ២០២០
អតិរេកពាណិជ្ជកម្មចិនជាមួយអាមេរិកធ្លាក់ជាង ៨%
ក្រុងប៉េកាំង៖ ទិន្នន័យបានបង្ហាញកាលពីថ្ងៃអង្គារថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយអាមេរិកបានរួមតូចកាលពីឆ្នាំមុន ខណៈប្រទេសមានសេដ្ឋកិច្ចធំជាងគេពីររបស់ពិភពលោកបានដកហូតពន្ធនាំចូលពិន័យទៅវិញទៅមកក្នុងសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងមួយ ខណៈប្រទេសទាំងពីរត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលបន្ធូរបន្ថយភាពតានតឹង។ យោងតាមទិន្នន័យគយ អតិរេករបស់ប្រទេសចិនមានទំហំប្រហែល ២៩៥,៨ពាន់លានដុល្លារ កាលពីឆ្នាំ២០១៩ ធ្លាក់ចុះ ៨,៥ភាគរយ ធៀបនឹងចំនួនខ្ពស់បំផុត ៣២៣,៣ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨។ កាលពីខែធ្នូ អតិរេករបស់ខ្លួនជាមួយអាមេរិកមានចំនួនប្រហែល ២៣,២ពាន់លានដុល្លារ ធៀបនឹង ២៤,៦ ពាន់លាន កាលពីខែវិច្ឆិកា។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ ២០២០