ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ពន្ធលើចំណេញមូលធនត្រូវបានពន្យារការអនុវត្តរហូតដល់ខែមករា ឆ្នាំ២០២២
ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនក្នុងរយៈពេល ១ឆ្នាំ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធទាំងអស់ធ្វើការស្វែងយល់ឱ្យកាន់តែច្បាស់នូវបទប្បញ្ញបត្តិស្តីពីពន្ធលើចំណេញមូលធន។ ការសម្រេចពន្យារពេលនេះត្រូវបានធ្វើឡើង បន្ទាប់ពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានស្នើសុំឱ្យរដ្ឋាភិបាលពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនរហូតដល់ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានភាពធូរស្រាលឡើងវិញ ខណៈវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារវិបត្តិនេះ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០
ក្រុមហ៊ុនច្បាប់ថៃ ILAWASIA CO. LTD នឹងរួមចំណែកសម្រួលពាណិជ្ជកម្មកម្ពុជា-ថៃ
ភ្នំពេញ៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន iLAWASIA Co., Ltd ដែលជាក្រុមហ៊ុនថៃក្នុងគោលបំណងដើម្បីផ្តល់ប្រឹក្សាយោបល់ដល់វិនិយោគិនកម្ពុជា-ថៃ ខណៈដែលធុរជនក្នុងស្រុកចាត់ទុកជាការផ្តួចផ្តើមដ៏ល្អសម្រាប់កិច្ចការសម្របសម្រួលផ្នែកច្បាប់ក្នុងថ្ងៃអនាគត។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០
MEDTECS នឹងបង្កើនការផលិតសម្ភារ PPE
ភ្នំពេញ៖ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យរោងចក្រ MEDTECS Cambodia បង្កើនបរិមាណផលិតសម្ភារបរិក្ខារការពារផ្ទាល់ខ្លួន (PPE) ដើម្បីចូលរួមចំណែកក្នុងការផ្គត់ផ្គង់លើទីផ្សារក្នុងការការពាររោគឆ្លង Covid-19 នៅកម្ពុជា។ ការស្នើសុំនេះធ្វើឡើងក្នុងជំនួបជាមួយលោក Clement Yang ប្រធានក្រុមហ៊ុនរោងចក្រ MEDTECS Cambodia ដែលមានមូលដ្ឋាននៅខេត្តកំពង់ចាម និងជាអ្នកវិនិយោគតំបន់សេដ្ឋកិច្ចពិសេសមេនហាតថេន (Manhattan) ក្រុងបាវិត ខេត្តស្វាយរៀង នៅទីស្តីការក្រសួងកាលពីថ្ងៃសុក្រកន្លងមក។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០
ARDB នឹងទម្លាក់ឥណទាន $៣០ លាន ចាប់ពីខែក្រោយដល់វិស័យស្រូវអង្ករ ដើម្បីបង្កើនទុនទិញស្រូវក្នុងរដូវប្រមូលផល
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលគ្រប់គ្រងដោយរដ្ឋនឹងបញ្ចេញឥណទានចំនួន ៣០លានដុល្លារបន្ថែមទៀត សម្រាប់អាជីវកម្មស្រូវអង្ករនៅកម្ពុជាចាប់ពីខែក្រោយនេះ ដើម្បីជាដើមទុនប្រមូលទិញស្រូវបង្កើនសន្និធិ ដែលធ្វើឱ្យទុនក្នុងវិស័យស្រូវអង្ករឡើងដល់ជាង ២០០លានដុល្លារ។ លោក កៅ ថាច អគ្គនាយក ARDB បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ការបញ្ចេញថវិកាបន្ថែមនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីដោះស្រាយបញ្ហាខ្វះខាតទុនរបស់ម្ចាស់សហគ្រាសរោងម៉ាស៊ីនកិនស្រូវនៅក្នុងរដូវប្រមូលផលសម្រាប់ខែវិច្ឆិកា និងធ្នូខាងមុខនេះ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០
រដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តឱ្យ SMES ចុះបញ្ជីតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គ្រោងនឹងដាក់បញ្ចូលប្រព័ន្ធចុះបញ្ជីអាជីវកម្មសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) តាមប្រព័ន្ធ online (MISTI Key Single Portal) ចូលទៅក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្ម CamDX system របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅខែក្រោយនេះបន្ទាប់ពីការធ្វើតេស្តសាកល្បងប្រព័ន្ធចុះបញ្ជីអនឡាញនេះទទួលបានជោគជ័យ ៩០ភាគរយ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០