ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ទៅមណ្ឌលគិរីនឹងរួចរាល់នៅចុងត្រីមាសនេះ

ភ្នំពេញ៖ ការភ្ជាប់អគ្គិសនីតាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីស្ថាននីយក្នុងខេត្តក្រចេះទៅកាន់ខេត្តមណ្ឌលគិរីអាចនឹងរួចរាល់នៅចុងត្រីមាសទី៣ ឬដើមត្រីមាសទី៤ ខាងមុខ ខណៈការដាក់ឱ្យដំណើរការឱ្យខ្សែបញ្ជូនរងដែលមានតង់ស្យុងទាប ៣៥គីឡូវ៉ុលចេញពីខេត្តរតនគិរីទៅមណ្ឌលគិរី ត្រូវបានដាក់ឱ្យដំណើរការហើយកាលពីចុងសប្តាហ៍កន្លងមក។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០


CDC អនុម័តគម្រោងវិនិយោគរោងចក្រស្បែកជើងតម្លៃជាង $១០លាន

ភ្នំពេញ៖ គម្រោងវិនិយោគរោងចក្រផលិតស្បែកជើងក្រុមហ៊ុន Mann Long Shoes Co., Ltd ដែលមានទុនវិនិយោគ ១០,៣លានដុល្លារ និងអាចបង្កើតការងារ ៣ ៣៧៩កន្លែង ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) យល់ព្រមចុះបញ្ជីជាស្ថាពរ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០


វិស័យស្នូលនៃសេដ្ឋកិច្ចកម្ពុជា រងផលប៉ះពាល់ខ្លាំងក្នុងឆមាសទី១

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបានទទួលរងផលប៉ះពាល់ខ្លាំងនៅឆមាសទី១ ឆ្នាំនេះ ដោយសារតែផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលបង្កឱ្យមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនូវសេដ្ឋកិច្ចពិភពលោក ខណៈរដ្ឋាភិបាលបានអះអាងថាសេដ្ឋកិច្ចរបស់ខ្លួននឹងធ្លាក់ចុះអវិជ្ជមាន «-១,៩» ភាគរយក្នុងឆ្នាំនេះ។ បើយោងតាមរបាយការណ៍របស់ NBC វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាត្រូវបានប៉ាន់ស្មានថាធ្លាក់ចុះរហូតដល់ «-៥៥» ភាគរយ ដោយឆ្នាំមុនកើន ១១,២ភាគរយ ក្នុងឆមាសទី១ ឆ្នាំមុន។ សម្រាប់វិស័យកម្មន្តសាល ផលិតផលសរុបដែលសម្រេចបានក្នុងវិស័យនេះត្រូវប៉ាន់ស្មានថាធ្លាក់ចុះ «-១១» ភាគរយ ដែលជាចម្បងដោយសារការរអាក់រអួលនៃការនាំចូលវត្ថុធាតុដើម និងការថយចុះនៃតម្រូវការខាងក្រៅ។ ផលិតផលឧស្សាហកម្មសម្រាប់នាំចេញបានធ្លាក់ចុះ «-១២,៥» ភាគរយ ក្នុងនោះការនាំចេញសម្លៀកបំពាក់ធ្លាក់ចុះ «-១០» ភាគរយ ស្បែកជើងកើនឡើង ២ភាគរយ និងទំនិញសម្រាប់ធ្វើដំណើរកើន ៨ភាគរយ ខណៈផលិតផលឧស្សាហកម្មសម្រាប់ទីផ្សារក្នុងស្រុកបានកើនឡើង ១៣,២ភាគរយ ដោយសារការកើនឡើងនៃការប្រើប្រាស់ផលិតផលក្នុងស្រុក។ កំណើនវិស័យសំណង់មាននិន្នាការថយចុះ ដោយសារការថយចុះនៃតម្រូវការលំនៅឋាន និងការបញ្ចប់គម្រោងសាងសង់មួយចំនួននាពេលកន្លងមកគួបផ្សំនឹងភាពរអាក់​រអួលនៃការនាំចូលសម្ភារ និងបរិក្ខារសំណង់ដែលធ្លាក់ចុះប្រមាណ «-១៤» ភាគរយ។ ប៉ុន្តែសំណង់សាធារណៈដូចជាស្ពាន ថ្នល់ ជាពិសេសផ្លូវល្បឿនលឿននៅមានសកម្មភាព។ ដោយសារការថមថយគ្រោះធម្មជាតិគួបផ្សំនឹងការកើនឡើងផ្ទៃដីដាំដុះវិស័យកសិកម្មកើនឡើង ០,២ភាគរយ ដោយទិន្នផលស្រូវកើនឡើង ២១,៧ភាគរយ ហើយបរិមាណផលកៅស៊ូបានកើនឡើង ៩,២ភាគរយ។ ផលនេសាទទឹកសាប និងសមុទ្រមានកម្រិតទាបជាងឆ្នាំមុនបន្តិច ខណៈវារីវប្បកម្មបានបន្តកើនឡើងតាមរយៈការចិញ្ចឹមត្រី និងបង្គារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០


កម្ពុជា និងវៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ $៧ពាន់លានក្នុងឆ្នាំនេះ

ភ្នំពេញ៖ កម្ពុជា និងប្រទេសវៀតណាមបានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនពី ៥ពាន់លានដុល្លារ ដល់ ៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ នេះ តាមរយៈកាលសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលមានវិធានការរឹតបន្តឹងការឆ្លងកាត់ព្រំដែនដោយសារជំងឺកូវីដ១៩។ ការប្តេជ្ញានេះធ្វើឡើងនៅក្នុងជំនួបសន្ទនាតាមទូរស័ព្ធរវាងសម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោក ង្វៀន ហ្វូជុង អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសារធារណរដ្ឋសង្គមនិយមវៀតណាមកាលពីសប្តាហ៍មុន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០


ការនាំចេញកសិផលរបស់ខេត្តរតនគិរីមានតម្លៃ $៣៧លាន កាលពីឆ្នាំ២០១៩

ភ្នំពេញ៖ លោក ថង សាវុន អភិបាលខេត្តរតនគិរីបានអះអាងថា កាលពីឆ្នាំ២០១៩ ការនាំចេញកសិផលពីខេត្តនេះទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានប្រមាណ ៨៧ ៦០៤តោន ស្មើនឹងតម្លៃ ៣៧លានដុល្លារ។ ការនាំចេញនេះត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុនវិនិយោគ​លើដីសម្បទានសេដ្ឋកិច្ចចំនួន ២៧ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្ត។ ក្រុមហ៊ុន​ទាំងនោះកំពុងវិនិយោគលើដំណាំកៅស៊ូ ស្វាយចន្ទី ចេកអំបូងលឿង ស្វាយ ស្រកានាគ ខ្នុរ ដូង ទុរេន មៀន និងក្រូចជាដើម។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០


  • កម្ពុជានាំចេញកៅស៊ូជិត ១០ម៉ឺនតោន កើន ១៧% ក្នុង ៥ខែ
  • CDC អនុម័តគម្រោង ៣ តម្លៃជាង $១៤លាន
  • ទឹកប្រាក់នាំចេញទំនិញទៅអាមេរិក កើនឡើងជិត ២៦ភាគរយ
  • កម្រិតអតិផរណាមានត្រឹម ២,៥ភាគរយក្នុងឆមាសទី១
  • ការនាំចេញចេកអំបូងលឿងមានកំណើនខ្ពស់
  • ក្រុមហ៊ុនជិត ៥០ ទទួលជោគជ័យក្នុងការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា
  • ចំណូលពន្ធដាររយៈពេល ៦ខែ មានតម្លៃជិត $១,៧ពាន់លាន
  • រោងចក្រអគ្គិសនីតម្លៃ $១,៣ពាន់លាន អាចសង់ក្នុងពេលឆាប់ៗ
  • កម្ពុជានាំចូលម៉ូតូ រថយន្ត និងគ្រឿងបន្លាស់ធ្លាក់ចុះក្នុងរយៈពេល ៥ខែ ឆ្នាំនេះ
  • ការនាំចេញអង្ករនៅក្នុងឆមាសទី១ មានកំណើនជាង ៤១%