ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
សេដ្ឋកិច្ចកម្ពុជារីកចម្រើនឈរនៅលំដាប់ទី៦ លើពិភពលោក

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតនៅលំដាប់ទី៦ លើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ។ ការរីកចម្រើនក្នុងកម្រិតខ្ពស់មិនដាច់នេះ ដោយសារកំណើននៃវិស័យឧស្សាហកម្មកម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ ជាក់ស្តែងផលិតផលក្នុងស្រុកសរុបបានកើនពីប្រមាណ ៣ ៦៤៩លានដុល្លារ នៅឆ្នាំ២០០០ ដល់ប្រមាណ ២៤ ៦០៥លានដុល្លារនៅឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃអង្គារ ទី៨ ខែមករា ឆ្នាំ ២០១៩


កម្ពុជានឹងមានទីលានប្រណាំងរថយន្តលំដាប់ពិភពលោក

ភ្នំពេញ៖ ប្រទេសកម្ពុជានឹងមានទីលានប្រណាំងរថយន្តលំដាប់ថ្នាក់លេខ ២ នៅលើពិភពលោក ស្ថិតនៅលើផ្ទៃដីទំហំ ៥០០ហិកតា ក្នុងឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពី​គម្រោងសាងសង់​រវាងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងក្រុមហ៊ុន YAMAMOTO ROCK PRODUCTS Co., Ltd បានធ្វើឡើងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ ២០១៩


AIR CHINA ហោះមកដល់កម្ពុជាតាមផែនការគ្រោងទុក

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Air China បានចាប់ផ្តើមជើងហោះហើរដំបូងរបស់ខ្លួនដែលបានមកដល់កាលពីថ្ងៃទី៧ មករា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ជើងហោះហើរត្រង់ដំបូងដែលភ្ជាប់ពីទីក្រុងប៉េកាំង​មកកាន់ទីក្រុងភ្នំពេញ មានការហោះហើរ ៣ជើងក្នុង ១សប្តាហ៍ (ថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសៅរ៍)។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ ២០១៩


ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញរបស់ EU

យោងតាមបទបញ្ញត្តិរបស់សហភាពអឺរ៉ុបដែលបានធ្វើវិសោធនកម្មចុងក្រោយ នៅខែមិថុនា ឆ្នាំ២០១៧ និងផ្អែកតាមប្រកាសអន្តរក្រសួងចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការសម្រួលនីតិវិធីក្នុងការបំពេញបែបបទនាំចេញទំនិញទៅក្រៅប្រទេស ក្រសួងពាណិជ្ជកម្មអំពាវនាវដល់ពាណិជ្ជករ ដែលមានបំណងនាំចេញទៅទីផ្សារសហភាពអឺរ៉ុប (EU) ក្រោមការអនុគ្រោះពន្ធទូទៅ GSP របស់ប្រទេសណ័រវេស ស្វីស និងប្រទេសទួគី មកដាក់ពាក្យ​សុំចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter System-REX) របស់សហភាពអឺរ៉ុប។ ការដាក់ពាក្យសុំនេះ ត្រូវធ្វើនៅនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ ក្នុងវត្ថុបំណង ដើម្បីមាននីតិសម្បទា​ក្នុងការប្រកាសប្រភពដើម (Statement on Origin) ជំនួសឱ្យការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់A។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រថ្មីៗចេញផ្សាយថ្ងៃអង្គារ ទី១ ខែមករា ឆ្នាំ ២០១៩


តំបន់ទេសចរណ៍សំខាន់ៗទាក់ទាញភ្ញៀវកន្លះលាននាក់

ភ្នំពេញ៖ ទិសដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាបានទាក់ទាញភ្ញៀវទេសចរជាងកន្លះលាននាក់ក្នុងអំឡុងព្រឹត្តិការណ៍ឆ្លងឆ្នាំ២០១៩ ដែលធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរទូទាំងប្រទេសមានចំនួនសរុប ៣លាននាក់ ក្នុងនោះទីក្រុងភ្នំពេញមានជាង ២លាននាក់។ ខេត្តតំបន់ឆ្នេរ និងខេត្តសៀមរាបបានទាក់ទាញភ្ញៀវទេសចរសរុបចំនួន ៦៧១ ០៦៣នាក់ ក្នុងនោះ ៦៤ ៨៩៧ គឺជាភ្ញៀវទេសចរអន្តរជាតិ។ នេះបើយោងតាមតួលេខបានពីក្រសួង​ទេសចរណ៍។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ ២០១៩


  • NBC: សេដ្ឋកិច្ចកម្ពុជានឹងបន្តភាពរឹងមាំទោះបីនឹងប្រឈមបញ្ហាខ្លះក្នុងឆ្នាំ២០១៩
  • ឆ្នាំ២០១៨ ពន្ធដារខេត្តព្រះសីហនុប្រមូលថវិកាកើនឡើង ៨៦%
  • មូលធនផ្សារហ៊ុនកើនជាង ៤០% នៅឆ្នាំ២០១៨
  • ភ្ញៀវទេសចរទស្សនាតំបន់អង្គរមានជិត ២,៦លាននាក់ បានចំណូលជាង ១១០លានដុល្លារ
  • រោងចក្រសូឡានៅកំពង់ស្ពឺនឹងដំណើរការចុងឆ្នាំ២០១៩
  • CDC អនុម័តឱ្យក្រុមហ៊ុនមួយសង់សណ្ឋាគារផ្កាយ ៥ នៅតំបន់ជ្រៃធំ
  • ការចុះបញ្ជីម៉ាកពាណិជ្ជកម្មកើនឡើង ៦%
  • កម្ពុជានាំចេញសរុបជាង $១០ពាន់លាននៅឆ្នាំ២០១៨
  • ទុនវិនិយោគពីវិស័យសំណង់ធ្លាក់ជិត ២០%
  • CDC បានអនុម័យគម្រោងវិនិយោគជិត $៣០០លានលើវិស័យផ្សេងៗ