ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
កម្ពុជានៅតែបន្ត រក្សាកំណើននៃការនាំចេញទៅកាន់ទីផ្សារចិនឆ្នាំមុន
ភ្នំពេញ៖ ការនាំចេញសរុបរបស់កម្ពុជាទៅប្រទេសចិន បានកើនឡើងតិចតួចកាលពីឆ្នាំ ២០២០ ទោះបីជាមានការរំខានដល់ខ្សែចង្វាក់ផលិត និងផ្គត់ផ្គង់ដែលរងផលប៉ះពាល់ដោយការរីករាលដាលជំងឺកូវីដ ១៩ក៏ដោយ។ យោងតាមតួលេខចុងក្រោយបានពីក្រសួងពាណិជ្ជកម្ម ការនាំចេញសរុបរបស់កម្ពុជាទៅប្រទេសចិន បានកើនឡើងជាង ៨ ភាគរយ សម្រេចបាន ១,០៨៦ ពាន់លានដុល្លារកាលពីឆ្នាំ ២០២០ បើធៀបនឹង ១,០០៤ ពាន់លានដុល្លារ។ ទោះយ៉ាងណា ការនាំចូលសរុបពីប្រទេសចិន បានធ្លាក់ចុះតិចតួចប្រហែល ១០ ភាគរយ មានតម្លៃជាង ៧ ពាន់លានដុល្លារ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៣ ខែកុម្ភ: ឆ្នាំ២០២១
ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យប្រតិបត្តិករហិរញ្ញវត្ថុឯកជនផ្អាកបែងចែកភាគលាភ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ដែលកំពុងប្រតិបត្តិការក្នុងវិស័យនេះឱ្យផ្អាកការបែងចែកភាគលាភចំពោះប្រាក់ចំណេញឆ្នាំ ២០២០ ដល់ភាគទុនិករបស់ពួកគេ ដែលជាវិធានការមួយរួមចំណែករក្សាកំណើនរបស់វិស័យនេះ។ សេចក្ដីប្រកាសរបស់ NBC កាលពីថ្ងៃសុក្រឱ្យដឹងថា ចាប់តាំងពីអំឡុងពេលផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ រហូតដល់បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីបន្ធូរបន្ថយលើការអនុវត្តតាមបទប្បញ្ញត្តិរបស់គ្រឹះស្ថានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយវិស័យធនាគារនៅតែមានភាពរឹងមាំ និងបន្តមានប្រាក់ចំណេញក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែកុម្ភ: ឆ្នាំ២០២១
ប្រេសិតពាណិជ្ជកម្មអង់គ្លេស សន្យាជួយលើកកម្ពស់វិស័យវិនិយោគ និងធុរកិច្ច
ភ្នំពេញ៖ លោកស្រី Heather Wheeler ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំកម្ពុជា ឡាវ និងវៀតណាមបានថ្លែងអះអាងថាលោកស្រីនឹងខិតខំកៀរគរវិនិយោគិន និងធុរជនអង់គ្លេសសិក្សាអំពីសក្តានុពលរបស់ប្រទេសកម្ពុជា ដើម្បីពង្រីកការវិនិយោគ និងធ្វើជំនួញជាមួយប្រទេសក្នុងតំបន់អាស៊ានមួយនេះឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីទាញយកនូវផលចំណេញពីពន្ធអនុគ្រោះពាណិជ្ជកម្មដែលកម្ពុជាកំពុងទទួលបាន។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួចទាំង ៤៦ ផ្សេងទៀតដែលបានទទួលការអនុគ្រោះពាណិជ្ជកម្ម (GSP) ពីចក្រភពអង់គ្លេស បន្ទាប់ពីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសបានប្រកាសផ្តល់ឱ្យកាលពីថ្ងៃ ១៧ ខែ ធ្នូ ឆ្នាំ ២០២០។ អង់គ្លេសជាប្រទេសនាំចូលដ៏ធំបំផុតមួយរបស់កម្ពុជានៅសហគមន៍អឺរ៉ុបដែលមានចំណែកទីផ្សារប្រមាណជា ២៥ ទៅ ៣០ ភាគរយ នៃការនាំចេញសរុបទៅកាន់ទីផ្សារតំបន់មួយនេះ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែកុម្ភ: ឆ្នាំ២០២១
កម្ពុជាចង់ឃើញហ្វីលីពីន ប្រឡូកក្នុងវិស័យស្រូវអង្ករ
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យហ្វីលីពីនបណ្តាក់ទុនវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជាដើម្បីផលិត និងនាំចេញទៅកាន់ប្រទេសខ្លួន និងបណ្តាប្រទេសនានានៅលើពិភពលោក។ លោក ហ៊ុន សែន បានស្នើក្នុងជំនួបជាមួយនឹងលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ១៧ កុម្ភៈ នៅទីក្រុងភ្នំពេញ។ លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ហ្វីលីពីនអាចមកដាក់ទុនវិនិយោគនៅកម្ពុជាយើងបានតាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីន»។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភ: ឆ្នាំ២០២១
ពាណិជ្ជកម្មកម្ពុជា-ជប៉ុនធ្លាក់ ប៉ុន្តែសញ្ញាស្ទុះងើបឡើងវិញខ្លាំង
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនធ្លាក់ចុះ ៨,៤៥ ភាគរយ ដែលមានតម្លៃសរុបត្រឹមតែ ២ ០៩៩,៥៧ លានដុល្លារនៅឆ្នាំ ២០២០ ធៀបនឹងឆ្នាំ ២០១៩ ដោយការនាំចេញរបស់កម្ពុជាធ្លាក់តិចជាងជប៉ុននាំមកកម្ពុជា ដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចជាសកល ប៉ុន្តែវិនិយោគិនជប៉ុនបានបង្ហាញនូវសុទិដ្ឋិនិយមចំពោះការងើបឡើងវិញយ៉ាងរហ័សនៃសេដ្ឋកិច្ចកម្ពុជា។ ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) បានបង្ហាញថាក្នុងរយៈពេល ១ ឆ្នាំកន្លងទៅនេះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារជប៉ុនមានតម្លៃ ១,៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៦,៧ ភាគរយ ខណៈការនាំទំនិញពីជប៉ុនមកកម្ពុជាមានតម្លៃ ៤៨៤,៦៩៩ លានដុល្លារ ធ្លាក់ចុះ ១៣,៨ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភ: ឆ្នាំ២០២១