ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រុមហ៊ុន JIANGSU គ្រោងដាំកប្បាសសាកល្បងលើកទី២

ភ្នំពេញ៖ បច្ចុប្បន្នក្រុមហ៊ុន Jiangsu Lianfa កំពុងដាំកប្បាសសាកល្បងលើកទី១ ​ក្នុង​ខេត្តពោធិ៍សាត់លើផ្ទៃដីទំហំ ៣អា កំពុងលូតលាស់យ៉ាងល្អសមស្របតាមគុណភាពដី និងក្សេត្របរិស្ថាននៅតំបន់នេះ ហើយសង្ឃឹមថាកប្បាសនឹងផ្តល់ផលបានយ៉ាងល្អប្រសើរ។ ថ្នាក់ដឹកនាំក្រុមហ៊ុន Jiangsu Lianfa បានឱ្យដឹងថា បើការដាំសាកល្បងលើកទី១ ទទួលបានទិន្នផលដូចដែលក្រុមហ៊ុនចង់បាន ក្រុមហ៊ុននឹងដាំសាកល្បងលើកទី២ លើផ្ទៃដីចំនួន ១៨០ហិកតាបន្ថែមទៀត។ ផែនការរបស់ក្រុមហ៊ុននេះគឺនឹងធ្វើការកែច្នៃផលិតផលកប្បាស​ជាអំបោះសម្រាប់ផ្គត់ផ្គង់ឱ្យរោងចក្រវាយនភណ្ឌធ្វើជាក្រណាត់រួចផ្គត់ផ្គង់ឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ខ្លួន ដែលមានចំនួន ១២ នៅទូទាំងពិភពលោក ដោយក្នុងនោះមាន ២ ដែលកំពុងដំណើរការនៅកម្ពុជាគឺរោងចក្រ Jincheng Garment Factory និង Hengyu Garment Factory ស្ថិតក្នុងខេត្តពោធិ៍សាត់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ ២០១៩


PAL គ្រោងហោះហើរត្រង់មកកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines (PAL) របស់ប្រទេសហ្វីលីពីនបានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍នេះនឹងពង្រីកសេវាហោះហើររបស់ខ្លួនមកទីក្រុង​ភ្នំពេញ ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការចាប់ផ្តើមដំណើរការផ្លូវហោះហើរថ្មីរបស់ខ្លួន​នៅអាស៊ីអាគ្នេយ៍ពីទីក្រុងម៉ានីល។ ក្រុមហ៊ុននឹងចាប់ផ្តើមជើងហោះហើររវាងកម្ពុជាចាប់ពីថ្ងៃទី១ ខែមេសា ដែលមានជើងហោះហើរ ៥ មកទីក្រុងភ្នំពេញប្រចាំសប្តាហ៍ មានថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ សុក្រ និងសៅរ៍។ ជើងហោះហើរទាំងនេះនឹងចេញដំណើរពីទីក្រុងម៉ានីល​នៅម៉ោង ១០:១០នាទីយប់ និងមកដល់ភ្នំពេញនៅម៉ោង ១១:៤៥នាទីយប់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ ២០១៩


តម្លៃស្រូវបង្ហាញពីភាពល្អប្រសើរនៅរដូវ ២០១៨-១៩

ភ្នំពេញ៖ ខណៈដែលឃ្លាំងស្តុក និងឡសម្ងួតស្រូវជាច្រើនត្រូវបានដាក់ឱ្យដំណើរការ តម្លៃស្រូវក្នុងរដូវប្រមូលផលឆ្នាំ២០១៨-២០១៩ បានកើនឡើងចន្លោះតម្លៃពី ៩០០ រៀល ទៅ ១ ៣០០រៀល ក្នុងមួយគីឡូក្រាម ជាតម្លៃដ៏ល្អមួយសម្រាប់កសិករបើធៀបនឹងរដូវប្រមូល​ផលមុនៗ។ នេះបើយោងតាមអ្នកក្នុងឧស្សាហកម្មនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ ២០១៩


ឆ្នាំ២០១៨ ទិន្នផលម្រេចកំពត និងតម្រូវការទីផ្សារធ្លាក់ចុះ

ភ្នំពេញ៖ ការផលិតម្រេចកំពត (GI) កាលពីឆ្នាំ២០១៨ សម្រេចបាន ៦៩តោន និងបានផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនដៃគូចែកចាយប្រមាណ ៥០តោន បើធៀបនឹងឆ្នាំ២០១៧ ផលិតបាន​ ១០២តោន និងចែកចាយទៅកាន់ទីផ្សារបាន ៧០តោន ពោលគឺធ្លាក់ចុះប្រមាណ ៣២%​និង ២៨% រៀងគ្នា។ នេះបើតាមលោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានបញ្ជាក់នៅក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៨ កាលពីថ្ងៃទី៣១ ធ្នូ កន្លងមក។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃចន្ទ ទី៧ ខែមករា ឆ្នាំ ២០១៩


ការនាំចូលថាមពលអគ្គិសនីរបស់កម្ពុជាថយចុះ

ភ្នំពេញ៖ កម្ពុជាមានសមត្ថភាពផលិតថាមពលអគ្គិសនីដោយខ្លួនឯងបានកើនឡើងបន្តបន្ទាប់ ដែលនាំឱ្យមានការកាត់បន្ថយការនាំចូលពីប្រទេសជិតខាងដល់កម្រិតទាបផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០១៨ កន្លងទៅ កម្ពុជាបាននាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាងប្រមាណតែ ១៤% ប៉ុណ្ណោះនៃតម្រូវការសរុប ខណៈកាលពីប៉ុន្មានឆ្នាំមុននេះ បាននាំចូល​រហូតដល់ជាង ២០% ឯណោះ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលថែមទាំងទម្លាក់ថ្លៃភ្លើងជាបន្តបន្ទាប់ផងដែរ ដើម្បីសម្រួលដល់ប្រជាជន ដែលជាផ្នែកមួយចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃចន្ទ ទី៧ ខែមករា ឆ្នាំ ២០១៩


  • សេដ្ឋកិច្ចកម្ពុជារីកចម្រើនឈរនៅលំដាប់ទី៦ លើពិភពលោក
  • កម្ពុជានឹងមានទីលានប្រណាំងរថយន្តលំដាប់ពិភពលោក
  • AIR CHINA ហោះមកដល់កម្ពុជាតាមផែនការគ្រោងទុក
  • ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញរបស់ EU
  • តំបន់ទេសចរណ៍សំខាន់ៗទាក់ទាញភ្ញៀវកន្លះលាននាក់
  • NBC: សេដ្ឋកិច្ចកម្ពុជានឹងបន្តភាពរឹងមាំទោះបីនឹងប្រឈមបញ្ហាខ្លះក្នុងឆ្នាំ២០១៩
  • ឆ្នាំ២០១៨ ពន្ធដារខេត្តព្រះសីហនុប្រមូលថវិកាកើនឡើង ៨៦%
  • មូលធនផ្សារហ៊ុនកើនជាង ៤០% នៅឆ្នាំ២០១៨
  • ភ្ញៀវទេសចរទស្សនាតំបន់អង្គរមានជិត ២,៦លាននាក់ បានចំណូលជាង ១១០លានដុល្លារ
  • រោងចក្រសូឡានៅកំពង់ស្ពឺនឹងដំណើរការចុងឆ្នាំ២០១៩