ព័ត៌មានសកម្មភាព

ស្អែកនេះ ក្រសួងការងារ សហការជាមួយក្រុមហ៊ុនធំៗ៤ផ្តល់ឱកាសការងារថ្មី ជាង៣០០កន្លែងដល់យុវជន


(ភ្នំពេញ)៖ ថ្ងៃពុធ ទី៩ ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗ៤ ដោយបាននាំយកឱកាសការងារចំនួន៣០៦កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗចំនួន៤ ផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី “វេទិកាការងារ
ប្រចាំខែសីហា”។ ក្រុមហ៊ុនធំៗទាំង៤ ដែលបានចូលរួមក្នុងវេទិកាការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ Cogetel Ltd. (ONLINE), BS Land & Home Co., Ltd, DFI LUCKY PRIVATE LIMITED, Fair Plus Supermarket

ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសេរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

គួរបញ្ជាក់ផងដែរថា កម្មវិធី “វេទិកាការងារ” គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។

សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

By NEA, Sep 08, 2020 02:09 pm
ព័ត៌មានសកម្មភាពផ្សេងទៀត