ព័ត៌មានសកម្មភាព

ក្រសួងការងារផ្តល់ឱកាសការងារជាង ៥ ពាន់កន្លែងនៅក្នុងពិព័រណ៍ការងារខេត្តបាត់ដំបងរយៈពេល ២ថ្ងៃ


(បាត់ដំបង)៖ នេះជាថ្ងៃទីមួយ នៃពិធីបើកពិព័រណ៍ការងារ ខេត្តបាត់ដំបង ឆ្នាំ២០១៩ ដែលនឹងត្រូវផ្តល់ឱកាសការងារជាច្រើនកន្លែងពីក្រុមហ៊ុនធំៗចំនួន ៥០ ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើនៅក្នុងខេត្តបាត់ដំបង។ ពិព័រណ៍ការងាររយៈពេលពីរថ្ងៃ គឺថ្ងៃទី០៦ និង០៧ ខែធ្នូ ឆ្នាំ២០១៩ នេះ នឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ១៨:០០ នាទីល្ងាច នៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិព័រណ៍ការងារនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការពីសាលាខេត្តបាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តបាត់ដំបង ដោយទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការ Finn Church Aid (FCA) និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង។

ឯកឧត្តម គួច សុមាន អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) លើកឡើងថា កន្លងមកពិព័រណ៍ការងារនេះត្រូវបានរៀបចំឡើងចំនួន ១៣ លើករួចមកហើយ ដែលកម្រិតថ្នាក់ជាតិធ្វើនៅរាជធានីភ្នំពេញមានចំនួន ៩ លើក និងថ្នាក់ខេត្តចំនួន ៤ លើក។ សម្រាប់ខេត្តបាត់ដំបង ពិពរណ៍នេះគឺជាព្រឹត្តិការណ៍ការងារដ៏ធំលើកទី២ ដែលត្រូវបានរៀបចំដើម្បីបង្កើតជាវេទិការជួបជុំគ្នារវាងនិយោជក គ្រឹះស្ថានអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារ និងសិស្ស-និស្សិត ក្នុងការជំរុញសកម្មភាពទីផ្សារការងារ ដោយទទួលបានការចូលរួមតាំងផ្សព្វផ្សាយពីសំណាក់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ក្រសួង-ស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិ ចំនួន ៥០ ស្ថាប័ន ដែលនាំមកនូវឱកាសការងារតាមវិស័យនានាជាច្រើនកន្លែង ហើយអ្នកចូលរួមដែលរំពឹងទុកប្រមាណជា ៥ពាន់នាក់ នឹងទទួលបានឱកាសក្នុងការជួបនិងដាក់ពាក្យសម្ភាសន៍រកការងារដោយផ្ទាល់ជាមួយនិយោជក ព្រមទាំងការបង្កើតបណ្តាញទំនាក់ទំនងផ្នែកធនធានមនុស្ស ក្នុងចំណោមភាគីពាក់ព័ន្ធ ។ 

ក្នុងឱកាសនោះ ក៏នឹងមានការរៀចចំស្របគ្នាផងដែរនូវ សិក្ខាសាលាណែនាំអាជីពការងារ និងវិជ្ជាជីវៈ ដែលជាវេទិការចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មានទីផ្សារការងារ មតិយោបល់ និងការអនុវត្តល្អនានា ដែលមានសារសំខាន់សម្រាប់ការរៀបចំផែនការអាជីព ព្រមទាំងការតម្រង់ទិសសម្រាប់ការសិក្សា និងចូលទីផ្សារការងារ ពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិដែលមានបទពិសោធន៍ និងជំនាញ។

ឯកឧត្តម គួច សុមាន បញ្ជាក់បន្ថែមទៀត
ថា ការរៀបចំពិព័រណ៍ការងារខេត្តបាត់ដំបង នាថ្ងៃនេះ គឺជាការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលខេត្តបាត់ដំបង ក្នុងការលើកកម្ពស់ និងជំរុញទីផ្សារការងារក្នុងខេត្តរបស់ខ្លួន ឱ្យកាន់តែមានភាពសម្បូរបែបសម្រាប់យុវជន និងអ្នកស្វែងរកការងារ ក៏ដូចជានិយោជកអាចផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិកបានយ៉ាងទូលំទូលាយ។ 
ឯកឧត្តមជឿជាក់ថា តាមរយៈ វត្តមានរបស់មជ្ឈមណ្ឌលការងារ ក្នុងខេត្តបាត់ដំបង និងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូ ពិព័រណ៍ការងារបែបនេះ អាចនឹងត្រូវបានរៀបចំជាថ្មីម្តងទៀត ឬញឹកញាប់នៅក្នុងខេត្តបាត់ដំបង ដើម្បីពង្រីកលទ្ធភាពទទួលបានការងារ និងជ្រើសរើសកម្លាំងពលកម្មកាន់តែងាយស្រួល និងពង្រីកប្រភពព័ត៌មានអំពីឱកាសការងារកាន់តែខិតជិតដល់ប្រជាពលរដ្ឋ៕

By NEA, Dec 06, 2019 04:12 pm
ព័ត៌មានសកម្មភាពផ្សេងទៀត