ព័ត៌មានសកម្មភាព

មជ្ឈមណ្ឌលការងារចល័តដំបូងបង្អស់នៅកម្ពុជានឹងនាំឱកាសការងារទៅដល់គ្រប់ទិសទីទូទាំងប្រទេស


“មជ្ឈមណ្ឌលការងារចល័ត” ដែលត្រូវបានរៀបចំបំពាក់នៅក្នុងរថយន្តមីនីវ៉ានសម្រាប់នាំយកសេវាការងារ និងព័ត៌មានអំពីឱកាសការងារដល់ប្រជាពលរដ្ឋ អ្នកស្វែងរកការងារ សិស្ស និស្សិតនៅទូទាំងប្រទេស ជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពី លោកជំទាវ ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកស្រី អេវ៉ា ថេអីស ប្រធានផ្នែកទំនាក់ទំនងអន្ដរជាតិនៃទីភ្នាក់ងារផ្ដល់សេវាការងារសាធារណៈ​ស៊ុយអែត ព្រមទាំងតំណាងមកពីស្ថានទូតស៊ុយអែត ស្ថាប័នរដ្ឋ សិស្ស-និស្សិត អង្គការក្រៅរដ្ឋាភិបាល សមាគមន៍ សហជីព សហព័ន្ធ និងដៃគូអភិវឌ្ឍនានា នៅក្នុងសន្និសីទបិទគម្រោងស្តីពី៖ “ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា និងសម្ពោធមជ្ឈមណ្ឌលការងារចល័ត” នាថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

មជ្ឈមណ្ឌលការងារចល័តនេះ ផ្តល់នូវសេវាសំខាន់ៗ​ដូចមជ្ឈមណ្ឌលការងារធម្មតាដែរដូចជា៖ ការស្វែងរកមើលព័ត៌មានការងារ, ការចុះឈ្មោះរក​ការងារ​តាម​ប្រព័ន្ធអ៊ីនធើណិតនិងទម្រង់ក្រដាស, ការទទួលប្រឹក្សាយោបល់ការងារ, និងបណ្ណាល័យ​ការងារជាដើម។ ប៉ុន្តែចំណុចពិសេសរបស់មជ្ឈមណ្ឌលការងារចល័តគឺអាច​នាំយក​សេវាការងារនិងព័ត៌មានឱកាស​ការងារកាន់តែខិតជិតដល់ប្រជាពលរដ្ឋអ្នកស្វែងរកការងារសិស្សនិស្សិតនៅគ្រប់ទីកន្លែងទូទាំង​ប្រទេសជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗដែលមិនទាន់​មានមជ្ឈមណ្ឌលការងារ។

គួរបញ្ជាក់ថា “មជ្ឈមណ្ឌលការងារចល័ត” គឺជាសមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលជាច្រើននៅក្នុងគម្រោងស្តីពី៖ “ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា” ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) ពីឆ្នាំ២០១៣ ដល់ ២០១៩ និងទទួលអនុវត្តរួមគ្នាដោយ         ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES)។ តាមរយៈការអនុវត្តគម្រោងខាងលើអ្នកទទួលផលផ្ទាល់ដែលភាគច្រើនជាយុវជនសិស្សនិស្សិតស្រ្តី និងជនពិការ បានទទួលការបណ្តុះបណ្តាលអភិវឌ្ឍជំនាញ និងទទួល​បានឱកាសការងារ​កាន់តែងាយស្រួលមានជាអាទិ៍៖ ការបណ្តុះបណ្តាលជំនាញទន់ និង​សហគ្រិនភាពចំនួន៣,៤៥០នាក់, អ្នកចុះឈ្មោះស្វែងរកការងារសរុបចំនួនប្រមាណ៩ម៉ឺននាក់, អ្នកទទួលបានការងារធ្វើប្រមាណ២ម៉ឺននាក់, សិស្សនិស្សិតនិងអ្នកស្វែងរកការងារទទួល​ការប្រឹក្សាអាជីពចំនួនប្រមាណ១៤ម៉ឺននាក់, យុវជនទទួលបានកម្មសិក្សាចំនួន៧៤៩នាក់។

ថ្លែងក្នុងពិធីបិទគម្រោង​ស្តីពី៖ ”ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជានិងពិធីសម្ពោធមជ្ឈមណ្ឌលការងារចល័ត” ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា៖ “ការអនុវត្តគម្រោង SIDA ទាំងពីរដំណាក់កាលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារជាពិសេសយុវជនឲ្យទទួលបានការងារកាន់តែងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលា ដែលស្របតាមក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការខិតខំបង្កើតឱកាសការងារកាន់តែច្រើន និងជួយបែងចែកឱកាសទាំងនេះ ឲ្យបានទៅដល់ប្រជាជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារដែលមានទាំងអស់ឲ្យទៅជាមុខរបរកាន់តែល្អសម្រាប់ប្រជាជនគ្រប់រូប។”

ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ស្នើដល់ភាគីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) បន្តជួយជ្រោមជ្រែងដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការបង្កើតឲ្យបានកាន់តែច្រើនថែមទៀតនូវ “មជ្ឈមណ្ឌលការងារចល័ត” ដើម្បីពង្រីកវិសាលភាពនៃការផ្តល់សេវាឱ្យកាន់តែទូលំទូលាយទៅកាន់ទីជិតឆ្ងាយនៅទូទាំងប្រទេស តាមរយៈការផ្តល់សេវាចុះឈ្មោះស្វែងរកការងារ ផ្គូផ្គងអ្នកសែ្វងរកការងារទៅនឹង​ឱកាសការងារដែលនៅទំនេរ, ការប្រមូល និងផ្សព្វផ្សាយព័ត៌មានស្តីពីការជ្រើសរើសកម្លាំងពលកម្ម, ការផ្តល់មគ្គទេសក៍ និងប្រឹក្សាយោបល់អាជីព ព្រមទាំងការផ្តល់ព័ត៌មានទីផ្សារការងារ និងការរៀបចំ​កម្មវិធីឬព្រឹត្តិការណ៍ការងារនៅតាមមូលដ្ឋាន សំដៅបំព្រួញគម្លាតនៃការខកខានមិនទទួលបានឱកាស​ការងារ និង ជំរុញការទទួលបានព័ត៌មានពីការងារទូលំទូលាយដល់សិស្ស/និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើទូទាំងប្រទេស។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលបានផ្តល់នូវគម្រោងដ៏ថ្លៃថ្លាខាងលើដល់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលើកទឹកចិត្តដល់ប្អូនៗ សិស្ស/និស្សិត និងយុវជនអ្នកស្វែងរកការងារធ្វើទាំងអស់ចូលរួមប្រើប្រាស់នូវសេវាទាំងអស់ដែលផ្តល់ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ជាពិសេសមជ្ឈមណ្ឌលការងារចល័តថ្មីនេះឲ្យបានគ្រប់ៗគ្នា។

លោកជំទាវ ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា តាមរយៈលទ្ធផលនៃគម្រោងនេះ យុវជនកម្ពុជាជាច្រើនបានទទួលការងារធ្វើពីសេវាដែលផ្តល់ដោយមជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលយុវជន ដែលត្រូវបានបង្កើតឡើង។ កាលពី១០ឆ្នាំមុន កម្ពុជាមិនទាន់មានព័ត៌មានទីផ្សាការងារទូលំទូលាយនៅឡើយទេ  តែបច្ចុប្បន្នតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងគម្រោងរបស់ទីភ្នាក់ SIDAស៊ុយអែត បានផ្តល់ឱ្យកម្ពុជាមានព័ត៌មានទីផ្សាការងារយ៉ាងទូលំទូលាយដល់ពលរដ្ឋកម្ពុជា ហើយរដ្ឋាភិបាលស៊ុយអែតសូមកោតសរសើរ និងអបអរសាទរដល់ NEA ដែលបានសម្រេចបានយ៉ាងជោគជ័យនូវ គម្រោងជាច្រើនជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) នាពេលកន្លងមក។

សូមបញ្ជាក់ថា គិតពីការចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០១៣រហូតមកដល់ថ្ងៃ​សន្និសីទបិទបញ្ចប់នេះ គម្រោងនេះសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ពាក់ព័ន្ធការលើកកម្ពស់​​សេវាការងារនិងព័ត៌មានទីផ្សារការងារ​នៅ​កម្ពុជាមានជាអាទិ៍៖

-បានគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលការងារចំនួន៥នៅក្នុងខេត្តកំពង់ចាមតាកែវកំពង់ធំបន្ទាយមានជ័យនិងខេត្តព្រះសីហនុក្រោមម៉ូដែលនៃការផ្តល់សេវា​ប្រឹក្សាយោបល់អំពីអាជីព​ដល់យុវជនដោយបានផ្សារភ្ជាប់សេវាឆ្លងទៅមករវាង​មជ្ឈមណ្ឌលការងារនិងមជ្ឈមណ្ឌល​យុវជនរបស់ក្រសួងអប់រំយុវជននិងកីឡា

-បានបង្កើតមជ្ឈមណ្ឌលការងារចល័តចំនួន១ (ដែលត្រូវសម្ពោធជាផ្លូវការក្នុងថ្ងៃនេះ)

-បានបង្កើតកម្មវិធីស្វែងរកការងារតាមទូរស័ព្ទស្មាតហ្វូតឈ្មោះ NEA Job Search

-បានបញ្ចូនអ្នកឯកទេសផ្នែកសេវាការងារនិងស្ថិតិព័ត៌មានទីផ្សារការងារដើម្បីផ្តល់ការបណ្តុះ​បណ្តាលអភិវឌ្ឍសមត្ថភាពមន្រ្តី និង​ផ្តល់យោបល់បង្កើន​ប្រសិទ្ធភាពសេវា

-បានផលិតរបាយការណ៍ស្រាវជ្រាវស្តីពីកង្វះនិងគម្លាតជំនាញនិងទស្សនវិស័យ​ការងារ​ក្នុងទីផ្សារការងារ​កម្ពុជាដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ២០១៥ និង២០១៨

-បានផ្តួចផ្តើមរៀបចំសន្និសីទស្តីពីព័ត៌មានទីផ្សារការងារដោយមានការចូលរួមពីអ្នកឯកទេសស៊ុយអែតវៀតណាម និងឡាវ

-បានរៀបចំអញ្ជើញគណៈប្រតិភូជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៥រូបទៅធ្វើ​ទស្សនកិច្ចស្វែងយល់ពីវិស័យការងារនៅប្រទេសស៊ុយអែត

-បានសម្របសម្រួលនិងពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជននិងអង្គការក្រៅរដ្ឋាភិបាល​ក្នុងការជំរុញដំណើរការទីផ្សារការងារកម្ពុជា។

By NEA, Feb 26, 2019 11:02 am
ព័ត៌មានសកម្មភាពផ្សេងទៀត