ព័ត៌មានសកម្មភាព
NEA ប្តេជ្ញានាំយកឱកាសការងារកាន់តែច្រើនឲ្យខិតជិតប្រជាពលរដ្ឋទូទាំងប្រទេសក្នុងឆ្នាំ២០១៩
(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកផែនការការងារឆ្នាំ២០១៩របស់ខ្លួន នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពឯកឧត្តម ហុង ជឿន ប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ។
“ស្នាមញញឹមរបស់អ្នកស្វែងរកការងារ និងក្រុមគ្រួសាររបស់ពួកគាត់បន្ទាប់ពីគាត់ទទួលបានការងារគឺជាកម្លាំងជំរុញទឹកចិត្តដល់មន្ត្រី (NEA) យើងទាំងអស់គ្នា។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហុង ជឿន ប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារ នៅចំពោះមុខមន្រ្តីទាំងអស់ទាំងនៅក្នុងថ្នាក់កណ្តាល និងមន្ត្រីមជ្ឍមណ្ឌលការងារមកពីបណ្តាខេត្តចំនួន១១ ក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកផែនការការងារឆ្នាំ២០១៩ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ។
ឯកឧត្តមប្រធានទីភ្នាក់ងារជាតិ មុខរបរ និងការងារ បានលើកឡើងថា៖ “ការផ្តល់សេវាជួយស្វែងរកការងារជូនប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាលដើម្បីបែងចែកឱកាសការងារជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនស្មើៗគ្នាប្រកបដោយសមធម៌ និងតម្លាភាព។ ចក្ខុវិស័យរបស់យើង គឺប្រែក្លាយជាទីភ្នាក់ងារផ្តល់សេវាការងារប្រកបដោយគុណភាពឈានមុខគេនៅកម្ពុជាដើម្បីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលមានបំណងចង់ស្វែងរកការងារអាចទទួលបានព័ត៌មានការងារក្នុងស្រុក និងទទួលការជួយជ្រោមជ្រែងរហូតពួកគាត់ទទួលបានការងារ និងប្រាក់ចំណូលទៅតាមក្តីប្រាថ្នា”។
បើតាមរបាយការណ៍លទ្ធផលការងារដែលបានធ្វើការបូកសរុបក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៨នេះ NEA សម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួនរួមមាន៖ អ្នកទទួលបានការងារធ្វើមានចំនួន ៥,៤៦៤ នាក់, ផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារធ្វើទៅឱ្យនិយោជកដែលត្រូវការកម្លាំងពលកម្មមានចំនួន ២២,៨៥៤ នាក់, បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើសរុបចំនួន ១៥,៤៨៥នាក់, ប្រមូលដំណឹងជ្រើសរើសកម្លាំងពលកម្មគ្រប់ប្រភេទ ចំនួន៨៣,៤៦៦កន្លែង, និងផ្តល់ព័ត៌មានទីផ្សារការងារតាមរយៈទូរស័ព្ទទៅអ្នកស្វែងរកការងារធ្វើ ចំនួន ៣៥,២៩៥នាក់។
លទ្ធផលដែលទទួលបានខាងលើនេះ ជាការផ្តល់អនុសាសន៍ និងការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល ព្រមទាំង ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដែលជានិច្ចកាលឯកឧត្តមតែងតែផ្តល់នូវការណែនំាដល់ថ្នាក់ដឹកនាំ និងមន្ត្រីNEA ឲ្យខិតខំផ្តល់សេវាការងារ និងផ្សព្វផ្សាយព័ត៌មានអំពីឳកាសការងារដល់ប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។ ដើម្បីផ្តល់សេវាការងារជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់សេវាការងារ NEA តែងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីជំនាញទន់ និងភាពជាអ្នកដឹកនាំដល់មន្ត្រីរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋឆាប់ទទួលបានការងារធ្វើ។
គូរបញ្ជាក់ថា ទីភ្នាក់ជាតិមុខរបរ និងការងារ ជាទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានតួនាទីភារកិច្ចក្នុងការផ្តល់៖ សេវាការងារ និងព័ត៌មានទីផ្សារការងារទូលំទូលាយជាងគេនៅព្រះរាជាណាចក្រកម្ពុជា។ ទីភ្នាក់ងារនេះត្រូវបានបង្កើតឡើងក្នុងទម្រង់ជាទីភ្នាក់ងារប្រតិបត្តិការពិសេសក្នុងឆ្នាំ២០០៩ ស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងមានស្នាក់ការកណ្តាលនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទីភ្នាក់ងារនេះ កំពុងផ្តល់សេវាការងារដោយឥតគិតកម្រៃជូនដល់សាធារណៈជនទូទៅ តាមរយៈគេហទំព័រ www.nea.gov.khនិងមជ្ឈមណ្ឌលការងារដែលជាអ្នកផ្តល់សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១១រួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងព្រះសីហនុ ។ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ និងទំព័រ facebookneakhmer
By NEA, Dec 14, 2018 12:12 pmព័ត៌មានសកម្មភាពផ្សេងទៀត
- NEA ចុះកិច្ចព្រមព្រៀងជាមួយ GIZ ដើម្បីលើកកម្ពស់ការងារក្នុងខេត្តបន្ទាយមានជ័យ
- ឱកាសការងារជិត៩០០ កន្លែងកំពុងរង់ចាំលោកអ្នក ក្នុងវេទិកាការងារនាថ្ងៃទី១៣ ខែធ្នូនេះ
- ពិព័រណ៍ការងារខេត្តបាត់ដំបងឆ្នាំ ២០១៨
- ឯកឧត្តម បណ្ឌិត អ៊ិត សំហេង អញ្ជើញបើកពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨
- មជ្ឈមណ្ឌលការងារខេត្តព្រៃវែង នឹងរៀបចំនូវវេទិកាការងារនាចុងខែកញ្ញានេះ
- ចុងខែកញ្ញានេះ NEA នឹងនាំយកឱកាសការងារចំនួន ១៣៥២ កន្លែង ពីក្រុមហ៊ុនចំនួន១០
- ការងារជាង ២ម៉ឺន កន្លែងកំពុងរង់ចាំអ្នក កុំភ្លេចជួបគ្នានៅថ្ងៃទី២៧-២៨ ខែតុលា
- ៤៩នាក់ជាប់ជាស្ថាពរ និង១៥៣នាក់ជាប់បឋម នៅក្នុងវេទិកាការងារកាលពីម្សិលមិញនេះ
- ឱកាសការងារចំនួន៣៥០កន្លែង និងមកដល់ក្នុងពេលឆាប់ៗនេះសម្រាប់អ្នកបាត់ដំបង
- ក្រុមហ៊ុនធំៗទាំង១០ នឹងសហការជាមួយ NEA ប្រកាសជ្រើសរើសបុគ្គលិកជាង១ពាន់៥រយកន្លែង
- គណៈប្រតិភូខេត្តបន្ទាយមានជ័យចាត់ទុក មជ្ឈមណ្ឌលការងារខេត្តស្វាយរៀងជា វចនានុក្រមការងារ ដែលមានប្រយោជន៍ដ៏ធំធេងចំពោះអ្នកចង់ស្វែងរកការងារធ្វើ
- រហូតមកដល់ពេលនេះមានក្រុមហ៊ុន៧៣ និងបញ្ជរ១១៦ ចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិរបស់ខ្លួន នៅក្នុងថ្ងៃទី២៧-២៨ ខែតុលា ខាងមុខ
- រួសរាន់ឡើងទីភ្នាក់ងារជាតិ មុខរបរ និងការងារ(NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសពីវេទិកាការងាររបស់ខ្លួន ដោយមានតម្រូវការជ្រើសរើសបុគ្គលិក៧៦២កន្លែង
- អ្នកជាប់ការងារក្នុងវេទិកាការងាររបស់ NEA ថ្លែងអំណរគុណដល់ NEA ដែលបានរៀបចំវេទិកាការងារជារៀងរាល់ខែ និងសំណូមពរឲ្យរៀបចំវេទិកានេះឲ្យបានញឹកញាប់