ព័ត៌មានសកម្មភាព

ឱកាសការងារជិត៩០០ កន្លែងកំពុងរង់ចាំលោកអ្នក ក្នុងវេទិកាការងារនាថ្ងៃទី១៣ ខែធ្នូនេះ


ជារៀងរាល់ខែទីភ្នាក់ងារជាតិមុខរបរ និងការងារ តែងបានរៀបចំវេទិកាការងារដើម្បីផ្តល់នូវឱកាសការងារ និងកម្មសិក្សាការងារជូនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ  ពីបណ្តាសហគ្រាស/ក្រុមហ៊ុនធំៗ ជាច្រើនដែលបានសហការជ្រើសរើសបុគ្គលិក។ យ៉ាងណាមិញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នឹងទទួលបានឱកាសការងារ និងកម្មសិក្សាពីក្រុមហ៊ុនធំៗ ចំនួន១០ទៀតហើយ ក្នុងកម្មវិធីវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ដូចជា ធនាគារ CIMB, ក្រុមហ៊ុន ISI Steel , ក្រុមហ៊ុន Clik , ក្រុមហ៊ុន Seatel ,ដាប់ប៊ែលយូប៊ី ហ្វាយនែន , ក្រុមហ៊ុន Opennet , ក្រុមហ៊ុន Super Duper, ក្រុមហ៊ុន DKSH, ក្រុមហ៊ុន CCF និងក្រុមហ៊ុន Makro ។ ចាប់ផ្តើមពីម៉ោង៨ព្រឹកដល់ម៉ោង ៥ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើយោងតាមការលើកឡើងរបស់ លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញបានអោយដឹងថា “នៅក្នុងខែធ្នូនេះ NEA នឹងសហការជាមួយបណ្តាក្រុមហ៊ុនធំៗចំនួន១០ ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ដើម្បីផ្តល់នូវឱកាសការងារ និងកម្មសិក្សាការងារដល់សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។ លោកប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរូបនេះ បន្ថែមទៀតថា “នាពេលបច្ចុប្បន្ន ទោះបីជាសេវាស្វែងរកការងារ និងជ្រើសរើសបុគ្គលិកជូនបណ្តាក្រុមហ៊ុននានាមិនទាន់មានភាពល្អប្រសើរមួយរយភាគរយក៏ដោយ  ក៏ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងខិតខំធ្វើយ៉ាងណាដើម្បីពង្រឹង សេវាទាំងអស់នេះអោយកាន់តែមានភាពល្អប្រសើឡើងបន្ថែមទៀត ។

គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ មានរៀបចំនូវកម្មវិធីវេទិកាការងារ កិច្ចសម្ភាសប្រចាំខែសម្រាប់អ្នកស្វែងរកការងារធ្វើ នឹងការបង្ហាត់បង្រៀនអំពីជំនាញទន់ដែលមានការចូលរួមពីក្រុមមគ្គុទេសក៍អាជីពសម្រាប់ជួយដល់សិស្ស/និស្សិតអោយស្គាល់អំពីបច្ចុប្បន្នភាពនៃទីផ្សារការងារ និងត្រៀមលក្ខណៈក្លាយបុគ្គលិកដ៏ល្អនៅក្រុមហ៊ុនរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ។

By NEA, Dec 11, 2018 05:12 am
ព័ត៌មានសកម្មភាពផ្សេងទៀត