ព័ត៌មានសកម្មភាព

៤៩នាក់ជាប់ជាស្ថាពរ និង១៥៣នាក់ជាប់បឋម នៅក្នុងវេទិកាការងារកាលពីម្សិលមិញនេះ


បន្ទាប់ពីវេទិកាការងារ កាលពីម្សិលមិញចប់រួចរាល់ ក៏មានយុវជនចំនួន៤៩នាក់ ដែលទទួលបានការងារជាប់ស្ថាពរ និង១៥៣នាក់ទៀតជាប់បឋម ពីបណ្តាលក្រុមហ៊ុន និងសហគ្រាសចំនួន១0 ដែលចូលរួមរៀបកម្មវិធីវេទិកាការងារនៅថ្ងៃទី១៣ ខែកញ្ញា កន្លងទៅនេះ នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

យុវជន ស៊ីវ រត្ត័នពិសី និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ជំនាញធនាគារ ហិរញ្ញវត្ថុ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា៖ «ខ្ញុំពិតជាមានសេចក្តីរំភើប និងរីករាយយ៉ាងខ្លាំង ដែលបានជួបជាមួយនឹងក្រុមហ៊ុនដែលខ្លួនឯងស្រលាញ់ ហើយអាចដាក់ពាក្យផ្ទាល់ និងសម្ភាសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន  ជាពិសេសនោះ គឺខ្ញុំអាចជ្រើសរើសការងារដែលខ្លួនឯងពេញចិត្តទៀតផង»។ ប្អូនប្រុស ស៊ីវ រត្ត័នពិសី បានបន្ថែមទៀតថា៖ «កម្មវិធីនេះបានធ្វើអោយគាត់មានភាពងាយស្រួលយ៉ាងច្រើនក្នុងការស្វែងរកការងារធ្វើ ដោយមិនបាច់ធ្វើដំណើរទៅដល់ក្រុមហ៊ុន រឺស្វែងរកនៅក្នុងវេបសាយដូចកាលពីពេលមុន ហើយឥលូវនេះខ្ញុំបានសម្ភាសជាប់នៅក្រុមហ៊ុន Metfone ហើយ » ។ ចំនែកឯ ប្អូនស្រី លឹម ហ៊ុយយ៉ុង និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យប៊ែលធី  ជំនាញ គ្រប់គ្រង ប្អូនស្រីក៏បានសម្តែងការរំភើបរីករាយ  ពេលបានមកចូលរួមក្នុងកម្មវិធីវេទិកាការងារកាលពីម្សិលមិញនេះ ប្អូនស្រី ចង់ឲ្យមានកម្មវិធីនេះជារៀងរាល់ខែ និងសូមឲ្យ ក្រុមហ៊ុនចូលរួមអោយបានច្រើន ដើម្បីផ្តល់នូវឱកាសការងារ និងកម្មសិក្សាជូនដល់សិស្ស/និស្សិតរបស់យើងបន្ថែមទៀត ។

គួរបញ្ជាក់ផងដែលថា ក្រុមហ៊ុនដែលចូលរួមសហការជាមួយNEA ដើម្បីរៀបចំវេទិកាការងារកាលពីម្សិលមិញរួមមាន ធនាគារ CIMB, ក្រុមហ៊ុន តែ អៀកហុង អិនធើប្រាយ, ក្រុមហ៊ុន Ming Wouy  Group , ក្រុមហ៊ុន Worldbridge ,ធនាគារ កាណាឌីយ៉ា, ក្រុមហ៊ុន Opennet , ក្រុមហ៊ុន Seatel , ក្រុមហ៊ុន TH F&B , ក្រុមហ៊ុន ICE Eletronics និងក្រុមហ៊ុន Metfone ។

សូមជម្រាបផងដែរថា សម្រាប់ថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុន/សហគ្រាសធំៗចំនួន១០ និងផ្តល់នូវឱកាសការងារចំនួន១៣៥២ កន្លែង បន្ថែមទៀតសម្រាប់ចុងខែនេះ ក្នុងនោះមានក្រុមហ៊ុន Online, ក្រុមហ៊ុន ផាកកាហ្វេ, ធនាគារ FTB, ក្រុមហ៊ុន Kong Nuon Group, ក្រុមហ៊ុន Yinkok Food Corp, ក្រុមហ៊ុន Nagaworld , ក្រុមហ៊ុន Smart , ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ូគីស៊ុប , ក្រុមហ៊ុន Markro , ក្រុមហ៊ុន GFG Investment ។

ហេតុដូចនេះ សម្រាប់សិស្ស/និស្សិត និងអ្នកស្វែងរកការងារកុំភ្លេចរៀបចំប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមសម្ភាសការងារដោយផ្ទាល់ចាប់ពីម៉ោង៨:០០ព្រឹកដល់ម៉ោង ៥:០០ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ។

By NEA, Sep 17, 2018 02:09 am
ព័ត៌មានសកម្មភាពផ្សេងទៀត