ព័ត៌មានសកម្មភាព

ឱកាសការងារចំនួន៣៥០កន្លែង និងមកដល់ក្នុងពេលឆាប់ៗនេះសម្រាប់អ្នកបាត់ដំបង


វេទិកាការងារ និងរៀបចំឡើងនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះហើយសម្រាប់អ្នកបាត់ដំបងសូមត្រៀមជ្រើសរើសការងារដែលខ្លួនពេញចិត្ត ដើម្បីចូលសម្ភាសជាមួយអ្នកតំណាងមកពីក្រុមហ៊ុនផ្ទាល់ ក្នុងកម្មវិធីវេទិកាការងាររបស់មជ្ឈមណ្ឌលការងារខេត្តបាត់ដំបង និងមានការសហការចូលរួមផ្តល់ឱកាសការងារពីក្រុមហ៊ុន ស៊ុមី ខេមបូឌា វ៉ាយរីង ស៊ីស្ទឹម ខូអិលធីឌីដែលនាំយកនៅការងារចំនួន៣៥០កន្លែងទៅតាមមុខជំនាញផ្សេងៗគ្នា។ សម្រាប់សិស្ស/និស្សិត អ្នកកំពុងស្វែងរកការងារធ្វើ និងទទួលបានឱកាសការងារសមរម្យព្រមទាំងអាចជ្រើសរើសជំនាញដែលខ្លួនឯងពេញចិត្ត មិនតែប៉ុណ្ណោះអាចដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន និងបានដឹងអំពីលទ្ធផលជាប់ឬធ្លាក់ភ្លាមៗតែម្តង។

បើតាមការលើកឡើងរបស់លោកស្រី ស៊ិប ស៊ីសូលី បានបញ្ជាក់ថា «វាមិនមែនជាលើកទី១ទេដែល មជ្ឈមណ្ឌលការងារខេត្តបាត់ដំបង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីបណ្តាលក្រុមហ៊ុន/សហគ្រាសរៀបចំនៅវេទិកាការងារ ដើម្បីជួយដល់អ្នកដែលមិនទាន់មានការងារធ្វើ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងផ្ទាល់ អាចទទួលបានការងារធ្វើ ប្រាក់ខែសមរម្យថែមទៀតផង»។ លោកស្រី ស៊ិប ស៊ីសូលី បានបន្ថែមទៀតថា «ក្នុងឱកាសនេះ លោកស្រីក៏សូមអំពាវនាវដល់យុវជន អ្នកស្វែងរកការងារធ្វើត្រៀម CV ដើម្បីចូលរួមអោយបានច្រើនកុះករនៅឯសាលាស្រុកភ្នំព្រឹក ចាប់ពីម៉ោង០៨:០០ព្រឹកតទៅ ។

សម្រាប់បច្ចុប្បន្នភាពការរៀបចំនៅ «វេទិកាការងារ» គឺជាយន្តការរបស់រាជរដ្ឋាភិបាលដើម្បីពង្រីកការផ្តល់សេវាការងារ និងផ្សព្វផ្សាយព័ត៌មានអំពីការងារទាំងក្នុង និងក្រៅប្រទេសជូនដល់ប្រជាពលរដ្ឋដើម្បីទទួលបាននៅឱកាសការងារ  ការលើកស្ទួយធនធានមនុស្ស និងកំលាំងពលកម្មនៅក្នុងប្រទេសកម្ពុជាអោយកាន់តែល្អប្រសើរឡើង។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំនូវវេទិកាការងារទាំងនៅរាជធានីភ្នំពេញ និងនៅបណ្តាខេត្តនានានៅទូទាំងប្រទេស ដើម្បីនាំយកនូវឱកាសការងារ ដែលកំពុងមានយ៉ាងច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែខិតជិតទៅដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារ។ ហេតុនេះ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការ និងត្រូវការជ្រើសរើសកម្លាំងពលកម្មអាចទទួលបានសេវាផ្តល់ជូនដោយរាជរដ្ឋាភិបាលដោយមិនគិតកម្រៃ សូមទាក់ទងមជ្ឈមណ្ឌលការងារខេត្តបាត់ដំបងតាមរយៈលេខទូរស័ព្ទ ០១៦ ៩២៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ។

By NEA, Sep 14, 2018 05:09 am
ព័ត៌មានសកម្មភាពផ្សេងទៀត