ព័ត៌មានសកម្មភាព

គណៈប្រតិភូខេត្តបន្ទាយមានជ័យចាត់ទុក មជ្ឈមណ្ឌលការងារខេត្តស្វាយរៀងជា វចនានុក្រមការងារ ដែលមានប្រយោជន៍ដ៏ធំធេងចំពោះអ្នកចង់ស្វែងរកការងារធ្វើ


នៅព្រឹកថ្ងៃទី១៥ខែ សីហា ឆ្នាំ២០១៨ គណៈប្រតិភូខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ជា សេងអា នាយករងរដ្ឋបាលសាលាខេត្ត សម្របសម្រួលដោយអង្គការGIZ បានអញ្ជើញទៅទស្សនៈកិច្ចសិក្សា នឹងស្វែងយល់ពីសេវាជួយស្វែងរកការងារធ្វើ របស់មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ។
ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តបន្ទាយមានជ័យនេះ ត្រូវបានទទួលស្វាយគមន៍ដោយលោក ហែម ពុទ្ធិ ប្រធានមជ្ឈមណ្ឌលខេត្តស្វាយរៀង។ជាមួយគ្នានោះលោក ពុទ្ធិបានធ្វើបទបង្ហាញអំពី សកម្មភាពសំខាន់ៗដែលមជ្ឈមណ្ឌលការងារខេត្ត បានអនុវត្តកន្លងមកមានដូចជា ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានចំនួន ជាង១ម៉ឹននាក់, ផ្គូរផ្គងអ្នកស្វែងរកាងារធ្វើទៅអោយនិយោជក ចំនួនប្រមាន៩ពាន់នាក់ អ្នកទទួលបានការងារធ្វើចំនួន ជាង២ពាន់នាក់, រៀបចំសិក្ខាសាលាស្ដីពីការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត, រៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សវិទ្យាល័យ, ទំនាក់ទំនង និងទទួលជួបជាមួយនិយោជក ក្រុមហ៊ុន សហគ្រាស, ផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក ,ផ្សព្វផ្សាយព័ត៌មានអប់រំបណ្តុះបណ្តាល និងអាហារូបករណ៍ , រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន ,រៀបចំវេទិកាការងារ និងរៀបចំពិព័រណ៍ចល័តជាដើម។
 បន្ទាប់ពីស្តាប់បទបង្ហាញរបស់លោក ពុទ្ធិ រួចមក លោក ជា សេងអា បានលើកឡើងថា មជ្ឈមណ្ឌលការងារគឺជាកន្លែងដ៏សំខាន់ណាស់សម្រាប់ផ្ទុកនៅទិន្នន័យព័ត៌មានទីផ្សារងារនៅក្នុងស្រុក។ជាមួយគ្នានោះលោក បានលើកឡើងថា មជ្ឈមណ្ឌលការងារខេត្តស្វាយរៀងជា វចនានុក្រមការងារ ដែលមានប្រយោជន៍ដ៏ធំធេងចំពោះអ្នកចង់រកការងារធ្វើ។
បន្ទាប់ពីធ្វើដំណើរទស្សនកិច្ច និងសិក្សាពីមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងចប់ គណៈប្រតិភូដែលដឹកនាំដោយលោក ជា សេងអា បានបន្តដំណើរទៅទស្សនៈកិច្ចនៅក្រុងបាវិត និងសាលាស្រុក រំដួល នឹងដោយមានការទទួលស្វាយគមន៍ពីលោក សុខា រាម អភិបាលស្រុករំដួល និងលោក សេក គឹម សាន តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា។ក្នុងនោះលោក សុខា រាម ក៏បានរៀបរាប់ពីកិច្ចសហការប្រតិបត្តិការកន្លងមកជាមួយមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង សំដៅធ្វើយ៉ាងណាផ្តល់ព័ត៌មានទីផ្សារការងារដល់ប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

By NEA, Aug 20, 2018 03:08 am
ព័ត៌មានសកម្មភាពផ្សេងទៀត