ព័ត៌មានសកម្មភាព

អ្នកជាប់ការងារក្នុងវេទិកាការងាររបស់ NEA ថ្លែងអំណរគុណដល់ NEA ដែលបានរៀបចំវេទិកាការងារជារៀងរាល់ខែ និងសំណូមពរឲ្យរៀបចំវេទិកានេះឲ្យបានញឹកញាប់


បន្ទាប់ពីចូលរួមវេទិកាការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំឡើងកាលពីម្សិលមិញអ្នកជាប់ការងារបានថ្លែងអំណរគុណដល់NEAដែលបានរៀបចំវេទិកាការងារនេះឡើង។យុវជន ជួន រស្មី ជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជំនាញគ្រប់គ្រងពាណិជ្ជកម្មមកពីខេត្តតាកែវ នឹងបានជាប់ការងារនៅក្រុមហ៊ុន DKSH បានលើកឡើងថា វេទិកាការងារនេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សនិស្សិតដែលស្វែងរកការងារធ្វើ។ រស្មី បន្ថែមថាមកទីនេះមានការងារច្រើន ពិសេសខ្លួនយើងក៏មានជម្រើសច្រើនក្នុងការសម្រេចចិត្តសម្ភាសការងារ ព្រោះមានក្រុមហ៊ុនច្រើន។
រស្មីបន្តទៀតថា ខ្ញុំពិតជាសប្បាយរីករាយណាស់ ព្រោះមកដល់ភ្លាមបានសម្ភាសភ្លាម ហើយក្រុមហ៊ុនប្រាប់ថាជាប់ឬធ្លាក់ភ្លាមតែម្តង បើប្រៀបទៅនឹងការដើរដាក់CVខាងក្រៅពិបាកបន្តិច គឺយើងត្រូវចំណាយពេលវេលារងចាំគេហៅ ពេលខ្លះគេមិនទាក់ទងមកទៀតក៏មានដែរ។យ៉ាងណា រស្មី ក៏សូមថ្លែងអំណរគុណដល់ NEA ដែលតែងតែរៀបចំវេទិកាការងារនេះឡើង ដែលធ្វើឲ្យសិស្សនិស្សិតមិនពិបាកដើរដាក់CVនៅក្រុមហ៊ុនខាងក្រៅ។
គួរបញ្ជាក់ថាក្រុមហ៊ុនដែលចូលរួមសហការជាមួយNEA ដើម្បីរៀបចំវេទិកាការងារកាលពីម្សិលមិញមាន មីក្រូហិរញ្ញវត្ថុ AMK ក្រុមហ៊ុន Master Suki Soup ក្រុមហ៊ុន ឯករាជ្យ Photoshop សណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្រុមហ៊ុនកាហ្វេ Brown ក្រុមហ៊ុន អាស៊ីវេលុយ ក្រុមហ៊ុន TH F&B ក្រុមហ៊ុន Truemoney ក្រុមហ៊ុន ផាកកាហ្វេ និងក្រុមហ៊ុន DKSH ដែលមានអ្នកជាប់ការងារស្ថាពរ និងបឋមសរុបប្រមាណជិត២០០នាក់។
ជាមួយគ្នានោះ ប្អូនស្រី ហាំ ជូហាន់ ជានិស្សិតថ្នាំទី៣ វិទ្យាស្ថានវ៉ានដា មកពីខេត្តកំពង់ធំដែលទើបមកចូលរួមវេទិកាការងារលើកទី១បានសម្តែងអារម្មណ៍សប្បាយរីករាយក្រោយក្រុមហ៊ុន ផាកកាហ្វេ ប្រាប់ថាទទួលយកប្អូនឲ្យធ្វើការបន្ទាប់ពីសម្ភាសចប់។ ប្អូនស្រីខ្មែរឥស្លាមម្នាក់នេះបានឲ្យដឹងថា“នេះជាលើកទី១របស់ខ្ញុំដែលចូលរួមក្នុងវេទិកាថ្ងៃនេះ ហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដោយមិននឹកស្មានថាគ្រាន់តែសម្ភាសការងារចប់ ក្រុមហ៊ុនបានប្រាប់ថាទទួលខ្ញុំឲ្យចូលធ្វើការ” ។ 
សូមជម្រាបថា សម្រាប់ថ្ងៃទី១៦ខែ សីហា ឆ្នាំ ២០១៨ ខាងមុខនេះទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏នឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១០ ក្នុងនោះមានមីក្រូហិរញ្ញវត្ថុ មហានគរ ក្រុមហ៊ុន Chip Mong ក្រុមហ៊ុន ចំរើន ធនាគារ AEON ក្រុមហ៊ុន Smart ក្រុមហ៊ុន Smile ក្រុមហ៊ុន WorldBridge ក្រុមហ៊ុន 103 ញូប្រូដាក់សិន  សហគ្រាសហ្គោដហៀល និងក្រុមហ៊ុន KTH រៀបចំកិច្ចសម្ភាសការងារមួយទៀត ដោយធ្វើឡើងចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង ៥ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ។

By NEA, Aug 15, 2018 04:08 am
ព័ត៌មានសកម្មភាពផ្សេងទៀត