សារថ្នាក់ដឹកនាំ

ឯកឧត្តមបណ្ឌិត ពេជ សោភ័ណ រដ្ឋលេខាធិការ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល

មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញជូននូវ «គេហទំព័រការងារ» ជំនាន់ថ្មី ដែលបានរៀបចំបង្កើត ឡើង និងដាក់ឱ្យប្រើជា សាធារណៈដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីផ្តល់នូវព័ត៌មានទីផ្សារការងារទាំងកម្រិតម៉ាក្រូ និងកម្រិតមីក្រូ ដល់អ្នកស្វែងរក ការងារធ្វើ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នករៀបចំផែនការនិងគោលនយោបាយ ព្រមទាំងសាធារណជនទូទៅ។ គេហទំព័រ ការងារនេះ ក៏មានផ្តល់ជូនផងដែរនូវព័ត៌មានស្តីពីកម្មវិធី ឬវគ្គបណ្ដុះបណ្ដាល ព័ត៌មានអាហារូបករណ៍ ព័ត៌មានសេដ្ឋកិច្ចជាតិ-អន្ដរជាតិ សេចក្ដីជូនដំណឹងនានាពាក់ព័ន្ធវិស័យមុខរបរ និងការងារ កាលវិភាគក្នុងការរៀបចំព្រឹត្តិការណ៍ជ្រើសរើសបុគ្គលិក របាយការណ៍អង្កេតនិង ព្យាករណ៍កម្លាំងពលកម្ម ព្រមទាំងស្ថានភាពទូទៅ វិវឌ្ឍនាការថ្មីៗ គោលនយោបាយ ផែនការ នីតិវិធី និងក្របខណ្ឌគតិយុត្តិពាក់ព័ន្ធនឹង វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការងារ។ តាមរយៈគេហទំព័រនេះ អ្នកស្វែងរកការងារធ្វើ និយោជក និងអ្នកផ្តល់ការ អប់រំបណ្តុះបណ្តាលក៏ត្រូវបានផ្តល់ឱកាសផងដែរក្នុងការធ្វើការចុះឈ្មោះស្វែងរកការងារធ្វើ និងផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក និង វគ្គអប់រំបណ្ដុះបណ្ដាលរបស់ខ្លួន ដោយឥតគិតថ្លៃនៅមួយកន្លែងដោយងាយស្រួល និងគ្របដណ្តប់លើវិសាលភាពទូលំទូលាយ។

ក្នុងបរិការណ៍នៃសាកលភាវូបនីយកម្ម និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងលឿន ការផ្តល់ព័ត៌មានទីផ្សារការងារបានគ្រប់គ្រាន់ និងទាន់ ពេលវេលា ជាការចាំបាច់សម្រាប់ភាគីពាក់ព័ន្ធនៅក្នុងទីផ្សារការងារក្នុងការឆ្លើយតបបានឆាប់រហ័ស និងដោយចំណាយទាបដែលជួយកាត់ បន្ថយនូវហានិភ័យនៃការកើតឡើងនូវគម្លាតក្នុងការផ្គត់ផ្គង់ និងតម្រូវការជំនាញ និងភាពគ្មានការងារធ្វើក្នុងរយៈពេលយូរ។

ខ្ញុំមានការសង្ឃឹមជឿជាក់ថា គេហទំព័រការងារនេះ នឹងក្លាយជាប្រភពព័ត៌មានទីផ្សារការងារដ៏សំខាន់មួយ ឆ្លើយតបទៅនឹងតម្រូវការក្នុង ពេលបច្ចុប្បន្នរបស់អ្នកស្វែងរកការងារធ្វើ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នករៀបចំផែនការ និងគោលនយោបាយ សិស្ស និស្សិត និងសាធារណជនទូទៅ ក្នុងការស្វែងរកការងារធ្វើ និងការជ្រើសរើសបុគ្គលិក ព្រមជាមួយនឹងការរៀបចំគោលនយោបាយទីផ្សារ ការងារ។

ជាទីបញ្ចប់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីទាំងអស់នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការផ្តួចផ្តើម រៀបចំបង្កើតឡើងនូវគេហទំព័រការងារដ៏មានសារៈប្រយោជន៍នេះឡើង ហើយខ្ញុំមានជំនឿយ៉ាងមុតមាំថា មន្ត្រីទីភ្នាក់ងារជាតិនេះ នឹងបន្ត ខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវ ប្រមូលចងក្រងនូវព័ត៌មានពាក់ព័ន្ធនឹងទីផ្សារការងារឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ព្រមទាំង ចំណេះដឹងនិងបទពិសោធ ជាតិ-អន្តរជាតិល្អៗ សម្រាប់ធ្វើបច្ចុប្បន្នភាពផ្សព្វផ្សាយជាបន្តបន្ទាប់នៅក្នុងគេហទំព័រនេះ ដើម្បីចូលរួម ចំណែកកាន់តែប្រសើរឡើងក្នុងការអភិវឌ្ឍទីផ្សារការងារនៅព្រះរាជាណាចក្រកម្ពុជា។